រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់, លោកវរសេនីយ៍ឯក សូ សុវណ្ណឌី ជំនួសលោកឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការចាស់ ទទួលមរណភាព

  • 1.5ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បន្ទាប់លោកឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការចាស់ ទទួលមរណភាពនាថ្មីៗនេះ។

ពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ខាងលើនេះ ធ្វើឡើងនៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការង នាយទាហាន និងនាយទាហានរងយ៉ាងច្រើនកុះករ។

យោងប្រកាសលេខ២៦៦ ត.ត/០៧២០ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ឯក សូ សុវណ្ណឌី អត្តលេខ០០៥១៧៨ មេបញ្ជាការរង និងជានាយសេនាធិការ បច្ចុប្បន្នជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។ និងសេចក្តីសម្រេចលេខ ១៦ តតផប/០៧២០ របស់អគ្គបញ្ជាការដ្ឋាន ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ទោ ឌុច សម្ភស្ស នាយរងសេនាធិការដ្ឋាន ជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។

បន្ទាប់ពីលោកវរៈសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការ បញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលទើបទទួលការតែងតាំងថ្មី បានមានមតិប្ដេជ្ញាចិត្តរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍សំណេះសំណាល និងណែនាំដល់ការដឹកនាំឱ្យចំទិសដៅតួនាទីភារកិច្ច ក្នុងនាមជាមេបញ្ជាការអង្កភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើយ៉ាងសុីជម្រៅក្នុងការដឹកនាំ។ ក្នុងនាមជាមេអង្កភាព នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍សំខាន់ៗជាច្រើនចំណុច និងបានប្រគល់ផែនទីគំរូ អគារទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ថ្មី ដើម្បីសិក្សា និងអនុវត្តនាពេលខាងមុខផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង