(ពោធិ៍សាត់)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និងស្តៅ) មាន់ពូជ និងចំណីមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ សម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចម្រុះ។
ពិធីនេះប្រារព្ធធ្វើនៅ បរិវេណផ្ទះកសិករឈ្មោះ ហាច ហៀត ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ក្រុមការងារកម្មវិធី ASPIRE ក្រុមការងារគម្រោង SUCRA ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីរកសិកម្ម អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាកសិករយ៉ាងច្រើនកុះករ។
ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានរាយការណ៍ដោយសង្ខេបអំពីគម្រោង ដែលមានខ្លឹមសារថា៖ គម្រោងស្តីពី «ការពង្រីកបច្ចេក ទេសកសិកម្មដែលធន់នឹងអាកាសធាតុ ហៅកាត់ថា SUCRA» គឺជាអនុសមាសភាគ ៣.២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលគំាទ្រថវិកាដោយមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍកសិកម្ម (IFAD) និងរាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ សហការអនុវត្តជាមួយវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ (IIRR) ដែលជាដៃគូប្រតិបត្តិនៅមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍ និងបរិស្ថាននៃសាកលវិទ្យាល័យប៊ើនប្រទេសស្វីស។ គម្រោង SUCRA មានគោលបំណង៖
ទី១៖ បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់កសិករខ្នាតតូចដែលងាយរងគ្រោះ តាមរយៈការជម្រុញឱ្យកសិករអនុវត្តគំរូល្អៗ នៃប្រព័ន្ធកសិកម្មចម្រុះ
ទី២៖ ធ្វើឱ្យប្រសើរឡើងនូវសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ
ទី៣៖ បង្កើនប្រាក់ចំណូល និងពង្រឹងមុខងារប្រព័ន្ធអេកូឡូស៊ីដី
ទិ៤៖ លើកកម្ពស់ចំណេះដឹង អំពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងអំពីមធ្យោបាយដែលធ្វើឱ្យសម្រេចបានភាពធន់ ប្រកបដោយចីរភាព។
គម្រោងអនុវត្តក្នុងភូមិគោលដៅចំនួន២៣ នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងមានប្រជាកសិករទទួលផលផ្ទាល់ ពីគម្រោងសរុបចំនួន១,៥០០គ្រួសារ។ ដោយទ្បែក សម្រាប់ខេត្តពោធិ៍សាត់ មានភូមិគោលដៅចំនួន១១ នៅក្នុងឃុំផ្ទះរុង និងឃុំតាលោ ស្រុកតាលោសែនជ័យ និងមានកសិករគោលដៅសរុបចំនួន៧៥០គ្រួសារ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានមានចំណាប់អារម្មណ៍យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់លើលទ្ធផល នៃការអនុវត្តគម្រោង ដូចអ្វីដែលឯកឧត្តមសាកលវិទ្យាធិការ បានរាយការណ៍ជូនជ្រាបខាងលើ។ ឯកឧត្តមក៏បានជម្រាបជូនពិធីអំពីសក្តានុពលវិស័យកសិកម្ម នៅមូលដ្ឋានរបស់ឯកឧត្តម ដោយមានការវិវឌ្ឍន៍រីកចម្រើនគួរជាទីមោទន បើទោះបីស្ថានភាពសេដ្ឋកិច្ច ជារួមកំពុងជួបបញ្ហា ដោយសារជំងឺឆ្លងកូវីដ១៩។ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ការគាំទ្រពេញទំហឹងចំពោះ រាល់សកម្មភាពដែលជួយឧបត្ថម្ភគាំទ្រ និងជម្រុញដល់ការអភិវឌ្ឍវិស័យកសិកម្ម នៅក្នុងមូលដ្ឋានរបស់ឯកឧត្តម តាមគ្រប់រូបភាព ធ្វើយ៉ាងណាចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូល ធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងឈានជាជំហានៗ ទៅធ្វើការនាំចេញនាពេលអនាគត។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូនខេត្តពោធិ៍សាត់ ពិសេសបងប្អូន ក្នុងស្រុកតាលោសែនជ័យ ដែលកំពុងញាប់ដៃ ញាប់ជើង ក្នុងការខិតខំប្រឹងប្រែង លើការងារបង្កបង្កើនផល ហើយសម្តេចបានជូនពរ ឱ្យបងប្អូនប្រជាពលរដ្ឋ គ្រប់ៗក្រុមគ្រួសារឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ឆ្លងឱ្យផុតពីវិបត្តិជំងឺឆ្លងកូវីដ១៩។
ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសំខាន់ ដែលគម្រោងសម្រេចបាន ជាក់ស្តែងក្រៅពីការបណ្តុះបណ្តាល ចំណេះដឹង ទាក់ទងការចិញ្ចឹម និងដាំដុះដូចបានរៀបរាប់ជូន គម្រោងបាននឹងកំពុងផ្តល់ធាតុចូលមួយចំនួន ដល់កសិករគោលដៅចំនួន ៧៥០គ្រួសារ ក្នុងខេត្តពោធិ៍សាត់ ដើម្បីចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចម្រុះ ដែលរួមមាន៖ កូនឈើហូបផ្លែ សរុបចំនួន ២១,៧១៥ដើម មាន់ពូជ និងទា សរុបចំនួន១,១៧០ក្បាល កូនត្រី និងកូនកង្កែបសរុបចំនួន ៨៥,៩១៣ក្បាល ចំណីមាន់ចំនួន៣៧បាវ ចំណីត្រីចំនួន៥០បាវ និងជីធម្មជាតិចំនួន៤២បាវ។
ឯកឧត្តម វេង សាខុន បានផ្តល់ក្តីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំដល់ប្រជាពលរដ្ឋថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងបានឡើយ»។
ក្នុងនាមឱ្យថ្នាក់ដឹកនាំក្រសួង និងអភិបាលខេត្ត បានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយបានដាក់ចេញនូវវិធានការ ចាំបាច់សំខាន់ៗមួយចំនួនចំពោះមុខ ដើម្បីចូលរួមថែរក្សាការពារ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ឱ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀងក្នុងគ្រួសារ តាមរយៈការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិ ទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពផលិត និងចិញ្ចឹមតាមគ្រប់រូបភាព។ សកម្មភាពទាំងអស់នេះ ទទួលបានការគាំទ្រទាំងកំលាំងចិត្ត ស្មារតី និងជាពិសេសថវិកាដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ចំនួន២,០០០លានរៀល សម្រាប់ពង្រីកវិស័យវារីរប្បកម្ម។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះម្ចាស់ជំនួយ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ លើការអនុវត្តគម្រោងនេះ និងជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ដែលបានគិតគូយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ល្អៗ ដែលជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់យកទៅអនុវត្តឱ្យទាន់សភាពការណ៍ជាក់ស្តែង នាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាពង្រឹង និងពង្រីកវិស័យផលិតកម្មស្បៀង ធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងទីផ្សារក្នុងតំបន់។
ជុំវិញការងារបច្ចេកទេស និងធ្វើយ៉ាងណាឱ្យគម្រោងមាននិរន្តរភាព ឯកឧត្តម វេង សាខុន បានណែនាំឱ្យនាយកគ្រប់គ្រងគម្រោង មន្រ្តីអនុវត្តគម្រោង អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករ ត្រូវបន្តសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការផ្សព្វផ្សាយ បណ្តុះបណ្តាល និងអនុវត្តបច្ចេកទេស លើការងារចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី និងការថែទាំសត្វ និងដំណាំ ហើយជាងនេះទៅទៀត និងសូមចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស មានសន្តិភាព ទើបមានការអភិវឌ្ឍ «អរគុណសន្តិភាព»៕
Ti Amo (ពស)