រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រោយរាជរដ្ឋាភិបាល អនុញ្ញាតិឱ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំ, អភិបាលខេត្តពោធិ៍សាត់ បន្តដោះស្រាយក្តីជូនប្រជាពលរដ្ឋ បាន៤៥ករណី ក្នុងរយៈពេលជាង៦ម៉ោង(Video inside)

  • 605
  • ដោយ Admin
https://youtu.be/DeV57RMZ1vE


(ពោធិ៍សាត់)៖ ទៅតាមទម្លាប់ នៅរៀងរាល់២ថ្ងៃ ក្នុងមួយសប្តាហ៍ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តែងតែទទួលជួបសំណេះសំណាល និងដោះស្រាយនូវរាល់បញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាស្រុកក្រុងមួយចំនួន ទូទាំងខេត្តពោធិ៍សាត់។ ដោយខនខានក្នុងឱកាសដែលរាជរដ្ឋាភិបាល អនុញ្ញតិឱ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំនោះ ទើបថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋបាលបាលខេត្តពោធិ៍សាត់ បានទូរស័ព្ទណាត់ប្រជាពលរដ្ឋដែលមានពាក្យបណ្តឹង ក៏ដូចជាបញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឱ្យចូលមកសាលាខេត្ត ដើម្បីឯកឧត្តមអភិបាលខេត្ត ចូលរួមសម្របសម្រួលដោះស្រាយ ជាលក្ខណៈគ្រួសារទៅតាមលទ្ធភាពជាក់ស្តែង។

កិច្ចសម្របសម្រួល និងដោះស្រាយទំនាស់ខាងលើ ធ្វើឡើងនៅវេទិកាកាត់ក្តីក្នុងសាលាខេត្ត ដោយបានការចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា បច្ចុប្បន្នឯកឧត្តមកំពុងបំពេញតួនាទីពីរ៖ ទី១-តួនាទីរដ្ឋបាល គឺឯកឧត្តមមានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា និងការអភិវឌ្ឍ និងទី២-គឺឯកឧត្តមជាសាច់ញាតិ ជាឈាម បង ប្អូន កូន ក្មួយ ក្នុងសមាជិកប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ដែលត្រូវជួយចែករម្លែកសេចក្តីសុខ និងទុក្ខលំបាកជាមួយគ្នា គ្រប់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ឯកឧត្តមមិនចង់ឃើញប្រជាពលរដ្ឋណាម្នាក់ មានភាពអយុត្តិធម៌ ឬប្រព្រឹត្តភាពសាហាវឃោរឃៅ នៅក្នុងខេត្តរបស់ឯកឧត្តមឡើយ។ ព័ត៌មានដែលផ្តល់ពីប្រជាពលរដ្ឋ នៅមូលដ្ឋាន តាមរយៈទូរស័ព្ទផ្ទាល់របស់ឯកឧត្តម គឺត្រូវបានដោះស្រាយ និងចាត់វិធានការបានទាន់ពេលវេលា។ ឯកឧត្តមបន្ថែមថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»។

សូម​បញ្ជាក់​ថា​៖ ឆ្លងកាត់ការសម្របសម្រួលដោះស្រាយ រយៈពេលជាង៦ម៉ោងមកនេះ ពោលគឺចាប់ពីម៉ោង ៨ និង២៥នាទីព្រឹក រហូតដល់ម៉ោង១ និង៤៥នាទី, ឯកឧត្តម ម៉ៅ ធនិន បានធ្វើការដោះស្រាយបញ្ហាផ្សេងៗ បានចំនួន៤៥ករណី ក្នុងនោះករណីខ្លះក៏ត្រូវបានលើកពេល ទៅដោះស្រាយនាពេលក្រោយ។​ ហើយការដោះស្រាយក្រៅប្រព័ន្ធតុលាការ​ របស់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ គឺផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង និងតែងតែបានផ្តល់លទ្ធផលឱ្យគ្រប់ភាគី គ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់។ នីតិវិធីក្រៅប្រព័ន្ធតុលាការនេះ ក៏ឃើញមានតែខេត្តពោធិ៍សាត់ គឺថ្នាក់ដឹកនាំមានយុទ្ធសាស្ត្រដោះស្រាយ កាត់បន្ថយបាននូវបញ្ហាជម្លោះផ្សេងៗជាដើម៕

Ti Amo (ពស)

អត្ថបទទាក់ទង