រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន៖ ការជួយគ្នាក្នុងគ្រាមានអាសន្ន ពិតជាមានគុណតម្លៃ និងគុណធម៌ធំធេងណាស់

  • 1.0ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ការជួយគ្នាក្នុងគ្រាមានអាសន្ន ពិតជាមានគុណតម្លៃ និងគុណធម៌ធំធេងណាស់ សម្រាប់មនុស្សជាតិយើងគ្រប់ៗរូប ដែលកើតឡើងនៅលើលោកនេះ។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍យ៉ាងដូច្នេះ គឺនៅក្នុងឱកាសដែលឯកឧត្តមបានទទួលជំនួយឧបត្ថម្ភ ពីក្រុមហ៊ុនNSZ World ជាអង្គរចំនួន៣តោន និងគ្រឿងបរិភោគមួយចំនួនធំទៀត ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនាកន្លងមក។

លោក លី ស៊ីនុន អគ្គនាយកក្រុមហ៊ុនNSZ Worlod និងលោកស្រី ធី សុវណ្ណថា តំណាងម្ចាស់ជំនួយមានប្រសាសន៍ថា មូលហេតុដែលលោក និងលោកស្រី បានគៀងគរសប្បុរសជននានា នាំយកជំនួយទាំងនោះ មកជួយឧត្ថម្ភដល់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់នាពេលនេះ ដោយមើលឃើញនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាទុក្ខលំបាក់របស់ថ្នាក់ដឹកខេត្តផងដែរ ដែលជួបនូវគ្រោះធម្មជាតិ គឺជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ដែលពុំធ្លាប់ជួបប្រទះជាយូរឆ្នាំមកហើយ។ នេះគឺជាការចូលរួមរំលែកនូវទុក្ខលំបាកមួយកម្រិត ពីសប្បុរសជននានា តាមរយ:ការគៀងគរ របស់លោក និងលោកស្រីព្រមទាំងសហការីផងដែរ។

លោក លី ស៊ីនុន អគ្គនាយកក្រុមហ៊ុនNSZ World បានឱ្យដឹងថាក្នុងដំណាក់កាលដែលបងប្អូនប្រជាពលរដ្ឋយើង តាមបណ្តាខេត្តមួយចំនួន បាននឹងកំពុងរងគ្រោះជំនន់ទឹកភ្លៀងនាពេលនេះ រូបលោកនិងលោកស្រី ធី សុវណ្ណថា បានគៀងគររកជំនួយពីសប្បុរសជននានា បានជាអង្ករសរុប១២តោន បូករួមទាំងមី ត្រីខ ទឹកត្រី ទឹកស៊ីវមួយចំនួធំផងដែរ ដោយបានបែងចែកចំនួន៣ខេត្ត ក្នុង១ខេត្តទទួលអង្ករ៣តោន និងគ្រឿងបរិភោគមួយចំនួន រួមមាន÷ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ។

ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ តំណាំងឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៍ថ្លៃថ្លារបស់បងប្អូនសប្បុរស់ជននានា ដែលផ្តល់ជំនួយទាន់ពេលវេលាមកកាន់ខេត្តពោធិ៍សាត់។ ឯកឧត្តមមានប្រសាសន៍ថានឹងធ្វើការបែងចែកស្បៀងអាហារទាំងនេះ ទៅដល់ដៃប្រជាពលរដ្ឋ ដែលទទួលរងគ្រោះទាំងនោះឱ្យបានចំគោលដៅ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង