(ពោធិ៍សាត់)៖ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកពូជស្រូវសែនក្រអូប ចំនួន២៩តោន ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនបងប្អូនបងប្អូនប្រជាពលរដ្ឋ ដែលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៣៨៦គ្រួសារ មកពីឃុំត្រពាំងជង ឃុំខ្នារទទឹង និងឃុំរំលេច នៅបរិវេណសាលាបឋមសិក្សាខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសចែកពូជស្រូវ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតាមដានជាប់ជានិច្ច ចំពោះផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក និងបានក្រើនរំលឹកដាស់តឿនដល់ ក្រសួងពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាំយកគ្រាប់ពូជស្រូវចែកជូនបន្ទាន់ដល់ប្រជាពលរដ្ឋ ដើម្បីដាំដុះបន្ត។
ឯកឧត្តមបានបន្តថា ទឹកបានបំផ្លិចបំផ្លាញផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់បងប្អូនយើង ដូច្នេះត្រូវឱ្យទឹកសងយើងវិញ តាមរយៈការរួមគ្នាទប់រក្សាទឹកទុក នៅតាមប្រឡាយមេ ប្រឡាយរង ស្រះ ឬស្រែឱ្យនៅគង់វង្ស ដើម្បីមានលទ្ធភាពស្តារឡើងវិញ សម្រាប់ឱ្យបងប្អូនយើងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផល នៅរដូវប្រាំងខាងមុខ។
ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នករកស៊ីអាជីវកម្មកាយដីលក់ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការស្តារផ្លូវទឹកធម្មជាតិ «បឹង អូរ ប្រឡាយ ព្រែក ឬស្ទឹង» ដើម្បីយកដី ឬទឹក មកប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ ជៀសវាងទុកឱ្យនៅកកស្ទះ ឬទិញដីខាងក្រៅមកប្រើប្រាស់។
អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់ដាំដុះបន្ត ចំនួន៣៨៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវសែនក្រអូប ចំនួន២០០គីឡូក្រាម, ទឹកបរិសុទ្ធអរុណា១កេស រួមជាមួយវត្ថុកំដរដៃ សារុងម្នាក់១ផងដែរ។
ប្រជាពលរដ្ឋដែលទទួលបានពូជស្រូវ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ និងបានចាត់ឱ្យមន្ត្រីពាក់ព័ន្ធ ជួយដោះស្រាយរាល់ការលំបាករបស់ពួកគាត់គ្រប់ពេលវេលា៕
Ti Amo (ពស)