(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យក្រុមការងារសារព័ត៌មានថ្មីៗ២៥(Thmeythmey25) ចូលជួបសម្តែងការគួរសម និងផ្តល់កិច្ចសម្ភាសផ្ទាល់ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តសាស្ត្រនៅក្នុងខេត្ត នាឱកាសដែលក្រុមសារព័ត៌មានអេឡិចត្រូនិកថ្មីៗ២៥ បានធ្វើដំណើរបេសកកម្ម ក្នុងការផលិត «ភាពយន្តព័ត៌មានបែបកម្សាន្ត» ខ្នាតខ្លី និងព័ត៌មានបែបកម្សាន្ត ចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។
បេសកកម្មរបស់ក្រុមសារព័ត៌មានអេឡិចត្រូនិកថ្មីៗ២៥(Thmeythmey25) គឺដើម្បីផលិត «ភាពយន្តព័ត៌មានកម្សាន្ត» ខ្នាតខ្លី និងព័ត៌មានកម្សាន្ត ដែលមានគោលបំណងបង្ហាញសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត…ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យទទួលបានព័ត៌មានដ៏សម្បូរបែប ពីតំបន់ប្លែកៗ នៅក្នុងខេត្តពោធិ៍សាត់។
ខេត្តពោធិ៍សាត់ បានបង្កើតឡើងនៅឆ្នាំ១៩០៧។ នាពេលបច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋប្រមាណជាជិតកន្លះលាននាក់។ ខេត្តពោធិ៍សាត់មានរមណីយដ្ឋានទេសចរណ៍៣៥កន្លែង។ តួលេខក្រសួងវប្បធម៌ បានបញ្ជាក់ថា ខេត្តពោធិ៍សាត់ មានប្រាសាទបាក់បែកនៅសល់តែគ្រឹះចំនួន៣ ទួលបុរាណចំនួន១៧ និងវត្តបុរាណចំនួន១០។ ខេត្តពោធិ៍សាត់ ត្រូវបានគេចាត់ទុកជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិ កសិកម្ម វប្បធម៌ ប្រវត្តិសាស្រ្ត…ព្រោះខេត្តភាគពាយ័ព្យមួយនេះ សម្បូរទៅដោយជ្រលងភ្នំ ទន្លេ ទឹកជ្រោះ បឹងបួរ អូរស្ទឹង ព្រៃពឹក្សាលតាវល្លិស្រស់បំព្រង ផលិតផលកសិកម្មចម្រុះ ស្ថានីយបុរាណ(បុរាណស្ថាន) ជនជាតិដើមភាគតិច។ល។ សរុបឱ្យខ្លី ខេត្តពោធិ៍សាត់ គឺជាជង្រុកសម្បត្តិធម្មជាតិមហាសាល។
លោក ប៉ាន់ បូនី គឺជាប្រធានក្រុមផលិត«ភាពយន្តព័ត៌មានបែបកម្សាន្ត»ខ្នាតខ្លី នៃសារព័ត៌មាថ្មីៗ២៥ រីឯ កញ្ញា ញឹក ស្រីល័ក្ខ និពន្ធនាយកនៃសារព័ត៌មានថ្មីៗ២៥ គឺជាអ្នកដឹកនាំក្រុមផលិតដំណឹងកម្សាន្តបែបសារព័ត៌មាននៅក្នុងបេសកកម្មនេះ។
សូមបញ្ជាក់ថា កិច្ចការផលិត«ភាពយន្តព័ត៌មានបែបកម្សាន្ត»ខ្នាតខ្លី និងដំណឹងកម្សាន្តបែបសារព័ត៌មាននៅក្នុងខេត្តពោធិ៍សាត់នេះ បានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំខេត្ត ដោយសហការជាមួយក្រុមហ៊ុនសារព័ត៌មានថ្មីៗ២៥ ក្រុមហ៊ុន Mercedes-Benz និងក្រុមហ៊ុន budi ផ្គត់ផ្គង់គ្រឿងបរិក្ខាទូរស័ព្ទ៕
Ti Amo (ពស)