រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ជំរុញដល់ប្រជាកសិករ ឱ្យបង្កើនការដាំដុះបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ ដើម្បីសុខភាពប្រជាពលរដ្ឋ និងទប់ទល់ស្ថានភាពកូវីដ១៩ (Video inside)

  • 1.1ពាន់
  • ដោយ Admin
https://youtu.be/66kFyE8yhTo

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានជំរុញដល់ប្រជាកសិករឱ្យបង្កើនការដាំដុះបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ពីក្រៅទេស ដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាពិសេសដើម្បីទប់ទល់នឹងស្ថានភាពកូវីដ១៩ នាពេលបច្ចុប្បន្ន។

ឯកឧត្តមបានជម្រុញបែបនេះ ក្នុងឱកាសចុះពិនិត្យការងារបង្កបង្កើនផលដំណាំសរីរាង្គ និងការងារចិញ្ចឹមសត្វ (ត្រីអណ្តែង, កង្កែប, មាន់ និងក្រួច) របស់បងប្អូនប្រជាកសិករ ក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់, ភូមិដំណាក់ធ្លុង ឃុំខ្នារទទឹង និងភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ដោយបានការចូលរួម ពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរស្រុក ឃុំផ្សេងទៀត។

​លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ យើងបានចងក្រងបណ្តុំអាជីវកម្ម ទូទាំងខេត្ត មាន៧ក្រុង/ស្រុក ៤៣ឃុំ ២៩៨ភូមិ និងមានសមាជិកសរុប១៤០៦៥នាក់ ក្នុងនោះស្ត្រី ៨៧៥៤នាក់ លើប្រភេទបណ្តុំ៦៣មុខ រួមមាន៖​ (បន្លែ, ដំឡូងមី, គោ, មាន់, ទាកាប៉ា, ត្រី, ខ្ញី, ក្រូចឆ្មារ, ក្រូចពោធិ៍សាត់, ស្រូវ, អំពៅ និងឬស្សីផ្អែម)។ លោកប្រធានមន្ទីរបន្ថែមថា ជាក់ស្តែងនៅគ្រប់រដូវកាលប្រជាកសិករទាំង៣ភូមិខាងលើ ក៏ដូចបណ្តាភូមិគោលដៅផ្សេងទៀត និយមដាំដុះបន្លែបង្កា ចិញ្ចឹមត្រីអណ្តែង កង្កែប ក្រួច និងខ្លះទៀតនិយមចិញ្ចឹមមាន់ជាដើម។ លោកបានលើកឡើងថា មន្ទីរកសិកម្មខេត្ត មានសកម្មភាពចម្បងៗ ជាយុទ្ធសាស្ត្រ ក្នុងការពង្រឹងសមត្ថភាពដោះស្រាយការដាំដុះចម្រុះ រយៈពេលខ្លី មានគ្រាប់ផ្ទី ត្រគួន ស្ពៃ ត្រសក់ សណ្តែកគួរ និងគ្រាប់ពូជផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ មន្ទីរកសិកម្ម ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអភិបាលខេត្ត បានខិតខំស្វែងរកទីផ្សារសម្រាប់លក់ផលិតផលទាំងនោះ ជូនបងប្អូនប្រជាកសិករ ដើម្បីកាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ ពីក្រៅប្រទេសផងដែរ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរ និងបងប្អូនប្រជាកសិករ នៅក្នុងភូមិអូរថ្កូវ សង្កាត់រលាប, ភូមិដំណាក់ធ្លុង ឃុំខ្នារទទឹង និងភូមិព្រះម្លូរ ឃុំបឹងខ្នារ ដែលបានខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាម អនុវត្តទៅតាមគោលការណ៍ណែនាំ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឱ្យប្រជាពលរដ្ឋ មានដីនៅសល់ទំនេរ ត្រូវតែខិតខំដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ នៅក្នុងដំណាក់កាលទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ឯកឧត្តមបានថ្លែងបន្តថា កាលណាប្រជាពលរដ្ឋយើង មានការយល់ដឹង និងរួមគ្នាដាំបន្លែសុវត្ថិភាពបានកាន់តែច្រើន នោះនឹងធ្វើឱ្យជីវភាពក្នុងគ្រួសារ និងសហគមន៍កាន់តែធូរធារ ហើយការនាំចូលបន្លែពីក្រៅប្រទេស នឹងត្រូវបានកាត់បន្ថយ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមឱ្យបងប្អូនប្រជាពលរដ្ឋ តាមបណ្តាភូមិ-ឃុំផ្សេងៗ គប្បីសិក្សារៀនសូត្រ ទទួលយកនូវបទពិសោធន៍ និងបច្ចេកទេស នៅក្នុងភូមិនេះ យកទៅអនុវត្តបន្តគ្រប់ក្រុមគ្រួសារ។

ឆ្លៀងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តចុះពិនិត្យមើលស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ ដំណាក់កាលទី២ របស់ប្រជាកសិករ នៅតាមប្រឡាយមេដំណាក់អំពិល ព្រមទាំងផ្តល់អនុសាសន៍មួយចំនួន ជុំវិញការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាកសិករ បន្តការងារដាំដុះ នូវដំណាក់កាលទី៣បន្ថែមទៀត៕

Ti Amo (ពស)

អត្ថបទទាក់ទង