រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រថយន្តISUZU មួយគ្រឿង និងសម្ភារបរិក្ខា (អាល់កុល ជែល និងម៉ាស់) ជាអំណោយរបស់សភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ ត្រូវបានប្រគល់ជូនអធិការនគរបាលក្រុង និងរដ្ឋបាលខេត្ត ទុកបម្រើការងារ និងឆ្លើយតបតាមការចាំបាច់

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ រថយន្តISUZU ប្រភេទPick-up មួយគ្រឿង និងសម្ភារបរិក្ខារួមមាន (អាល់កុល+ជែល២ពាន់ដប និងម៉ាស់៥ម៉ឺនម៉ាស់) ជាអំណោយដ៏ថ្លៃថ្លា របស់សភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការងារប្រចាំថ្ងៃ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ពិធីប្រគល់-ទទួលអំណោយ និងសម្ភារបរិក្ខាខាងលើ ត្រូវបានធ្វើឡើងនាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅបរិវេណសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រីអភិបាលរងខេត្ត, លោកស្នងការរងខេត្ត, លោកប្រធានការិយាល័យប្រជាពលរដ្ឋ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តជាច្រើនផ្សេងទៀត។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ពិធីប្រគល់-ទទួលរថយន្ត និងសម្ភារបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដនាថ្ងៃនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ និងចែករំលែកធនធានផ្ទាល់ខ្លួនរបស់សភាពាណិជ្ជកម្មខេត្ត សំដៅបង្កលក្ខណៈងាយស្រួលសព្វគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគុណភាព ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានផ្តាំផ្ញើដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ទាំងអស់ ត្រូវចេះបង្ការទប់ស្កាត់ និងធ្វើអនាម័យជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពីវិធានការការពារជំងឺកូវីដ១៩ កុំឱ្យឆ្លងដល់ជួរកងកម្លាំង ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាលកុលឱ្យបានញឹកញាប់៕

Ti Amo (ពស)

អត្ថបទទាក់ទង