(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ការងារបង្កបង្កើនផល និងអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ដែលឆ្ងាយពីប្រព័ន្ធធារាសាស្ត្រ និងជួបបញ្ហាខ្វះខាត នៅតំបន់មួយចំនួន ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ និងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋនៅតំបន់នោះ ឯកឧត្តម ម៉ៅ ធនិន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ បន្តខិតខំបង្កបង្កើនផល និងថែទាំដំណាំស្រូវប្រាំង ដែលកំពុងតែឱ្យផលបានល្អប្រសើរ។ ជាការពិតណាស់ថា បន្ទាប់ពីជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ រយៈពេលកន្លងមក បានវាយប្រហារ ក្រុង-ស្រុកចំនួន៦ នៃខេត្តពោធិ៍សាត់ បណ្តាលឱ្យរងការខូចខាតផ្ទៃដីស្រូវ ចំនួន២០,៤១២ហិកតា ក្នុងនោះយើងបានស្តារឡើងវិញ និងធ្វើលើកទី២ សរុបរួមចំនួន៣៣,៥៤០ហិកតា ដែលពូជស្រូវទាំងអស់នោះ បានមកតាមរយៈគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយពីរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមក៏បានជំរុញដល់មន្ទីរជំនាញ បន្តសហការ ផ្តល់បច្ចេកទេស ក៏ដូចអន្តរាគមន៍បូមទឹកជួយដល់ប្រជាកសិករ រហូតដល់ការប្រមូលផលបានចប់សព្វគ្រប់ និងបន្តជំរុញការងារបង្កបង្កើនផល ដំណាំរួមផ្សំផ្សេងៗ ដល់ប្រជាកសិករ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តបញ្ជាគ្រឿងចក្រ ចូលរួមច្រូតកាត់ស្រូវ ជូនប្រជាកសិករ ក្នុងឃុំខ្នារទទឹង ស្រុកបាកានផងដែរ៕
Ti Amo (ពស)