រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន ផ្តល់ថវិកាសង់ផ្ទះ ៥២ខ្នងជូនអតីតយុទ្ធជន នៅខេត្តពោធិ៍សាត់

  • 956
  • ដោយ Admin

(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសប្បុរសជន បានផ្តល់ថវិកាសង់ផ្ទះ ៥២ខ្នងជូនដល់អតីតយុទ្ធជនកម្ពុជា ដែលកំពុងខ្វះទីជម្រក។

ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីបានទទួលព័ត៌មាននូវខ្វះទីជម្រករបស់អតីតយុទ្ធជនក្នុងខេត្តនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើចលនាភ្លាមៗ ដើម្បីស្វែងរកថវិកាជួយសាងសង់ផ្ទះជូនពួកគេ។

ជាមួយការធ្វើចលនានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម តំណាងឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកាសជួយសាងសង់ផ្ទះចំនួន២០ខ្នង, លោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាព ជួយសាងសង់ផ្ទះ២៥ខ្នង និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីរាជការក្នុងខេត្ត ឧបត្ថម្ភថវិកាសង់ផ្ទះចំនួន៧ខ្នង។

អតីតយុទ្ធជនកម្ពុជា សុទ្ធសឹងជាអ្នកដែលមានគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងពេលសង្គមកម្ពុជានៅញ៉ាំញីដោយភ្លើងសង្គ្រាម។ មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ក្រោមការគាំពារផ្ទាល់របស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននោះ បានយកចិត្តទុកដាក់ខ្ពស់លើជីវភាពរបស់អតីតយុទ្ធជន។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន សម្តេចតេជោ បានផ្តល់ជាដីសម្រាប់សង់លំនៅឋាន ដីសម្រាប់បង្កបង្កើនផល និងផ្តល់របបគោលនយោបាយផ្សេងៗជាច្រើន។ ឯកឧត្តម គន់ គីម បានលើកឡើងថា តាមរយៈការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យអតីតយុទ្ធជនរស់នៅក្នុងជីវភាពល្អប្រសើរ និងមានទីជម្រកសមរម្យ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាជាង ៥លានដុល្លារហើយ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា។

«សម្តេចតេជោ ហ៊ុន សែន លោកយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន។ ឯកឧត្តមតែងតែជំរុញ និងក្រើនរំលឹកដល់យើងឱ្យតាមដាន យកចិត្តទុកដាក់មើលពីជីវភាព មើលពីលំនៅឋាន បើបងប្អូនជួបការលំបាក គឺត្រូវតែជួយភ្លាមៗ»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រីអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ការទំនុកបម្រុង និងគិតគូរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឱ្យអតីតយុទ្ធជនទាំងអស់ចងចាំ និងដឹងគុណលោកទាំងពីរជាប់ជានិច្ច។ សមាជិកអតីតយុទ្ធជននៅទូទាំងខេត្តពោធិ៍សាត់ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោប្រធាន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតដែលលោកតែងតែគិតគូរដល់អតីតយុទ្ធជន ទោះបីជាប្រទេសជាតិកំពុងជួបលំបាកនិងជំងឺCovid-19 ក៏ដោយនោះ។

ក្នុងឱកាសនោះលោកអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ទ្រី ភាព ឯកឧត្តម ម៉ៅ ធនិន ព្រមទាំងមន្ត្រីរាជការក្នុងខេត្ត ដែលបានឧបត្ថម្ភថវិកាសាងសង់ផ្ទះ ជូនអតីតយុទ្ធជនមិនទាន់មានផ្ទះស្នាក់នៅសមរម្យ៕

Ti Amo (ពស)

អត្ថបទទាក់ទង