(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចជួសជុលឡើងវិញ នូវអគារសិក្សា ១ខ្នង មាន៥បន្ទប់ ក្នុងវិទ្យាល័យបាកាន ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់កូនក្មួយសិស្សានុសិស្សដែលកំពុងខ្វះខាតអគារ។
ការសម្រេចជួសជុលអគារសិក្សាខាងលើ ត្រូវបានធ្វើឡើង ក្នុងឱកាសឯកឧត្តមចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យអគារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងវិទ្យាល័យបាកាន។
ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ផ្តាំផ្ញើ ឱ្យក្មួយ ស្គាល់ឱ្យច្បាស់ពីពាក្យថា «ជីវិត» និងបានផ្ដល់ដំបូន្មានល្អៗមួយចំនួន ជូនក្មួយសិស្សានុសិស្ស សម្រាប់ជាមេរៀន និងបទពិសោធន៍ទៅថ្ងៃអនាគត។
ក្រោយពីចុះពិនិត្យអាគារសិក្សាជាក់ស្តែង ឯកឧត្តម ម៉ៅ ធនិន បានសង្កេតឃើញថា អាគារមួយចំនួន មានសភាពចាស់ទ្រុឌទ្រោម ទាមទាឱ្យធ្វើការជួសជុលឡើងវិញ និងស្ថាបនាបន្ថែម ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់កូនក្មួយសិស្សានុសិស្សនៅទីនោះ ដែលកំពុងខ្វះខាតអគារ។
ក្នុងឱកាសនោះ ឯកឧត្តមបានសម្រេចឧបត្ថម្ភថវិកាផ្ទាល់ខ្លួន សម្រាប់ជួសជុលឡើងវិញ នូវអគារសិក្សា ១ខ្នង មាន៥បន្ទប់ ដែលការជួសជុលនោះ នឹងត្រូវចាប់ផ្តើម នាដើមខែមីនា ឆ្នាំ២០២១ខាងមុខ។
ឯកឧត្តមបានឱ្យដឹងផងដែរថា ជាចំណងដៃថ្មីសម្រាប់វិទ្យាល័យបាកាន អគារសិក្សាថ្មី ១ខ្នង ពីរជាន់ មាន១២បន្ទប់ ក៏នឹងត្រូវលេចរូបរាងឡើងនាពេលខាងមុខ ក្រោមជំនួយឧបត្ថម្ភពីសម្បុរសជន និង១ខ្នង មាន៦បន្ទប់ទៀត សាងសង់នៅក្រុងពោធិ៍សាត់ ជាការឆ្លើយតបទៅនឹងកំណើនសិស្ស ក្នុងឆ្នាំ២០២១នេះផងដែរ៕
Ti Amo (ពស)