(ពោធិ៍សាត់)៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជា ពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមសម្តែងនូវការសោកស្តាយជាអនេក និងមានទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះ មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបាន ទទួលមរណភាពនៅថ្ងៃអាទិត្យ ៧ រោច ខែ ចែត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០២ : ២០ នាទី ព្រឹក ក្នុងជន្មាយុ ៥៩ ឆ្នាំ ដោយរោគាពាធ នៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងបរិយាកាសដ៏សែនក្ដុកក្ដាលនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យឥតឧបមា និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយគ្រួសាររបស់លោកស្រី។
មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និង ជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងបុត្រាបុត្រី ព្រមទាំងក្រុមគ្រួសារ ហើយក៏ជាបាត់បង់នូវបុគ្គលដ៏ឆ្នើមមួយរូប ដែលកន្លងមក លោក បានបូជាកម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការរួម ចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ។
ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ខ្ញុំសូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សពរបស់ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកស្រី ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ។