រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តពោធិ៍សាត់, លោកវរសេនីយ៍ឯក ពុទ្ធ លី ជំនួសលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី ដែលបានទទួលមរណភាព

  • 1.4ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង លោកវរសេនីយ៍ឯក ពុទ្ធ លី ជាមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តពោធិ៍សាត់។

ពិធីប្រកាសជាផ្លូវការនេះ ធ្វើឡើងនៅបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សា ថ្នាក់ដឹកនាំក្រុងស្រុក និងនាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផ្សេងទៀត។

សូមបញ្ជាក់ថា យោងប្រកាសលេខ ៩៥ត.ត ០៤២១ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនលោកវរសេនីយ៍ឯក ពុទ្ធ លី អត្តលេខ០១២៧៤៩ មេបញ្ជាការរង ទទួលបន្ទុកការងារយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បច្ចុប្បន្នជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី ដែលទើបទទួលមរណភាពនាពេលថ្មីៗនេះ។

បន្ទាប់ពីពិធីប្រគល់ប្រកាសតែងតាំង និងត្រារួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត មានប្រសាសន៍ថា  កន្លងមកនេះអង្គភាពកងរាជអាវុធហត្ថខេត្ត បានសហការល្អជាមួយកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការបង្ក្រាបបទល្មើសនានា ព្រមទាំងបានចូលរួមគ្រប់សកម្មភាពជាមួយថ្នាក់ដឹកនាំខេត្តផងដែរ។ ថ្នាក់លើពិតជាមានសុភវិនិច្ឆ័យខ្ពស់ណាស់  ដែលបានផ្ដល់តួនាទីតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជាអ្នកនៅក្នុងមូលដ្ឋាននេះស្រាប់។ លោកវរ:សេនីយ៍ឯក ពុទ្ធ លី មានអតីតភាពយូរអង្វែងណាស់មកហើយ មានបទពិសោធន៍ច្រើនលើការគ្រប់គ្រង និងការអនុវត្តច្បាប់  ដូច្នេះស័ក្កិសមនឹងទទួលមុខតំណែងជាមេបញ្ជាការនៅពេលនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សូមឱ្យលោកវរៈសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី  បន្តវីរៈភាពដឹកនាំពីមេបញ្ជាការមុន  រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ  មានក្រមសីលធម៌ទៅលើការអនុវត្តច្បាប់ ដោយផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ។ គោលការណ៍របស់កងរាជអាវុធហត្ថ ការតែងតាំងមុខតំណែង គឺជ្រើសរើសមន្ត្រីនៅក្នុងមូលដ្ឋាន មិនយកពីក្រៅមកទេ ដើម្បីលើកទឹកចិត្តដល់អ្នកដែលបានខិតខំតស៊ូកន្លងមក។ ធ្វើជាមេគេត្រូវយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទឱ្យបានដិតដល់ ទាំងការអនុវត្តការងារ ការហូបចុក កន្លែងស្នាក់នៅ មធ្យោបាយប្រើប្រាស់ និងគិតអំពីបញ្ហាសុខភាពផងដែរ។

លោកវរៈសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្ដេជ្ញា  ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ខិតខំកសាងអង្គភាព  បន្តសហការជាមួយរដ្ឋអំណាច ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងកិច្ចប្រតិបត្តិការនានាឲ្យចំទិសដៅ។ បន្តគ្រប់គ្រងទុកដាក់ឱ្យបានត្រឹមត្រូវ នូវរាល់មូលដ្ឋានសម្ភារៈ និងគ្រឿងបំពាក់យោធបរិក្ខារ។ លើកកម្ពស់គុណភាពអប់រំ រៀនសូត្រ បង្កើនសមត្ថភាពចំណេះដឹង  ចាប់តាំងពីថ្នាក់មេបញ្ជាការរហូតដល់យុទ្ធជន អំពីច្បាប់ បទបញ្ជា សារាចរណ៍ សេចក្ដីណែនាំ និងលិខិតបទដ្ឋានគតិយុត្តិនានា។ ប្រែក្លាយការរស់នៅរបស់កងទ័ពទាំងមូល ឱ្យក្លាយទៅជាផែនឯកភាព ក្នុងចលនាប្រលងប្រណាំង រស់នៅស្អាត និងហូបស្អាតប្រកបដោយអនាម័យខ្ពស់៕

Ti Amo (ពស)

អត្ថបទទាក់ទង