(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខអាជីវករផ្សារត្រពាំងជង និងផ្សារបឹងខ្នារ ស្រុកបាកាន ព្រមទាំងត្រួតពិនិត្យការអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកន្លងមក ស្ដីពីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។
ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះគឺជាទម្លាប់ដែលកន្លងមក ឯកឧត្តមតែងតែចុះជាប់ជាប្រចាំ នៅគ្រប់ផ្សារទាំង១១ ទូទាំងខេត្តពោធិ៍សាត់ ដើម្បីក្តាប់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ ក្នុងផ្សារទាំងអស់។ ស្របពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាតត្បាលទូទាំងពិភពលោក និយាយជារួមសម្រាប់កម្ពុជា ក៏បាននឹងកំពុងផ្ទុះឡើង ក្នុងព្រឹត្តការណ៍សហគម៍ ២០ កុម្ភៈ ដែលទាមទារឱ្យយើងទាំងអស់គ្នា ចូលរួមដើម្បីប្រយុទ្ធទប់ទល់នឹងជំងឺនេះ កុំឱ្យរីករាលដាលកាន់តែធ្ងន់ធ្ងរឡើង។ ឯកឧត្តមបានថ្លែងទៀតថា ការចុះមកនាពេលនេះ ក៏ដើម្បីត្រួតពិនិត្យការអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកន្លងមក ស្ដីពីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ និងដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ លើការថែទាំង អនាម័យ បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអាជីករ ក្នុងការសម្រួល និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ សម្តៅរួមចំណែកអនុវត្តគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឯកឧត្តម ម៉ៅ ធនិន បានក្រើនរម្លឹកដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តការពារសន្តិសុខ សុវត្ថិភាព ជូនអាជីវករនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត ហើយរឹតតែពិសេសទៅទៀតនោះ មិនត្រូវទុកឱ្យពួកគាត់រស់នៅក្នុងភាពរងារ និងភ័យខ្លាចនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ថវិកាបន្តិចបន្តួច ដល់លោកតា លោកយាយ និងក្មួយៗ ដែលចូលរួមអនុវត្តន៍វិធានសុខាភិបាល (ពាក់ម៉ាស់) និងបានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរា ឬក្មួយតូចៗ ដែលលក់បន្លែបង្កាបន្តិចបន្តួច សម្រាប់ចិញ្ចឹមក្រពះនោះឡើយ៕
Ti Amo (ពស)