រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកម្លាំងជួរមុខ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ក្នុងស្រុកវាលវែង (Photos inside)

  • 1.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកម្លាំងជួរមុខ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដែលឈរជើងនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបង្ហាញអំពីការសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ។

ពិធីនេះប្រារព្ធធ្វើនៅ ទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដោយបានការចូលរួមពីអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពមួយចំនួន កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរស្រុកឃុំផ្សេងទៀត។

អំណោយដែលនាំយកប្រគល់ជូននោះរួមមាន៖ អង្ករ ១,៥០០គីឡូក្រាម, ទឹកសុទ្ធ២៩កេស, មី០៨កេសធំ, ត្រីខ០៥កេសធំ, ទឹកត្រី និងទឹកស៊ីអ៊ីវ០៦យួរ និងថវិកា ២,០០០,០០០៛ (ពីរលានរៀល) ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ គិតគូរជានិច្ច ដល់សុខទុក្ខរបស់កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ជាពិសេសកម្លាំងនគរបាលដែលកំពុងឈរជើងការពារព្រំដែន និងសម្តែងការកោតសរសើរ ចំពោះការពុះពារការលំបាក ការខិតខំបំពេញភារកិច្ចរបស់កងម្លាំងយើង ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រ ពីសំណាក់អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ ជាមួយប្រទេសជិតខាង បានល្អប្រសើរក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

ឯកឧត្តមបានជម្រុញឱ្យបងប្អូនកងកម្លាំងនគរបាល ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឱ្យខាងតែបាន នៃការរីករាលដាលនៃវីរុសកូវីដ១៩ កុំឱ្យចូលក្នុងសហគមន៍ និងរួមគ្នាអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តចុះត្រួតពិនិត្យទីតាំងសម្បទានដីសង្គមកិច្ច ដែលខេត្តបានត្រៀមបម្រុងទុក សម្រាប់ចែកជូនដល់កងកម្លាំងដែលខ្វះខាត នៅជិតនឹងខ្សែផ្លូវតាមក្រវ៉ាត់ព្រំដែនព្រមទាំងបន្តចុះផ្សព្វផ្សាយ សេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស នៅគោលដៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង