រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ទីទួលសុវត្ថិភាព មិនត្រឹមជាកន្លែងស្នាក់អាស្រ័យ នៅពេលជួបគ្រោះទឹកជំនន់ម្នងម្កាលប៉ុណ្ណោះទេ វាក៏ជាកន្លែងធ្វើចត្តាឡីស័ក និងជាកន្លែងសម្រាប់ប្រារព្ធពិធីផ្សេងៗផងដែរ (Video inside)

  • 936
  • ដោយ Admin
https://youtu.be/DZrw7zFOcLc

(ពោធិ៍សាត់)៖ ឯកឧត្តម ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថា អគារទីទួលសុវត្ថិភាពថ្មីនេះ មិនត្រឹមជាកន្លែងសម្រាប់ឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលប្រឈមគ្រោះទឹកជំនន់ ដែលអាចធ្វើការជម្លៀសពីលំនៅឋានរងគ្រោះ មកស្នាក់នៅបណ្តោះអាសន្នរហូតដល់ទឹកជំនន់ស្រកទៅវិញប៉ុណ្ណោះទេ វាក៏ជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងអាចជាកន្លែងប្រារព្ធពិធីផ្សេងៗផងដែរ ជាក់ស្តែងពិធីមង្គលការ, បុណ្យ...។ល។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារទីទទួលសុវត្ថិភាពចំនួន២កន្លែង ដោយបានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោក ប្រចាំប្រទេសកម្ពុជា។

គួរបញ្ជាក់ថា អគារទីទួលសុវត្ថិភាពទី១ ស្ថិតក្នុងភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន មានទំហំអគារ ៨៦៤ម៉ែត្រការ៉េ សង់លើដីសាធារណៈរបស់រដ្ឋ និងទី២ ស្ថិតក្នុងភូមិក្តីឈ្វិត ឃុំស្រែស្តុក ស្រុកកណ្តៀង នៅក្រោយវត្តក្តីឧត្តម មានទំហំអគារ ១៦៨៥.០៦ម៉ែត្រការ៉េ សង់លើដី ជាការបរិច្ចាគរបស់ព្រះចៅអធិការវត្ត។ អគារទីទួលសុវត្ថិភាពទាំងពីរ ជាការបង្កើតឡើងក្រោមកិច្ចសហការរវាងអង្គការស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវបានសាងសង់ឡើងដោយផ្អែកលើស្ដង់ដារអន្តរជាតិ និងបំពាក់ទៅដោយសម្ភារៈ កន្លែងសំខាន់ៗ ដូចជាផ្ទះបាយ កន្លែងបោកគក់ បន្ទប់ស្តុកអីវ៉ាន់ បន្ទប់ទឹក កន្លែងលាងដៃ កន្លែងសត្វ ប្រព័ន្ធទឹក អគ្គិសនី និងប្រព័ន្ធការពារន្ទះ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ខេត្តពោធិ៍សាត់ គឺជាខេត្តជាប់បឹងទន្លេសាប និងជាប់ស្ទឹងធំៗ មានបណ្តាញទឹកធ្លាក់ពីតាមជួរភ្នំ រយៈពេលកន្លងមកតែងតែជួបគ្រោះជំនន់ទឹកភ្លៀងស្ទើររៀងរាល់ឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ២០២០កន្លងទៅ  ខេត្តពោធិ៍សាត់បានរងការជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកបាកាន និងស្រុកកណ្តៀង តែងតែរងគ្រោះទឹកជំនន់ និងជួបការលំបាកខ្លាំង ខ្វះទីទួលសុវត្ថិភាព នៅពេលមានការជម្លៀសចេញពីភូមិឋាន ពេលទឹកជំនន់ម្ដងៗ។ ឯកឧត្តម បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការសាងសង់ទីទួលសុវត្ថិភាពនេះឡើង ដើម្បីជាប្រយោជន៍ឱ្យប្រជាពលរដ្ឋស្នាក់អាស្រ័យ នៅពេលជួបគ្រោះទឹកជំនន់ម្នងម្កាល។

លោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា លោក ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានថ្លែងកោតសរសើរ ការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្ត លើការឆ្លើយតបគ្រោះមហន្តរាយកន្លងមក។ ជាក់ស្តែងប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយទទួលរងផលប៉ះពាល់ពីការប្រែប្រួលធាតុអាកាស ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត។វ ការស្ថាបនាមជ្ឈមណ្ឌលទាំងនេះ គឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែង រវាងកម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងពង្រឹងការត្រៀមបង្ការ និងការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេស។

លោក និងលោកស្រី បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ពាក់ព័ន្ធ ជាពិសេសគណៈកម្មការគ្រប់គ្រងអគារទួលសុវត្ថិភាពទាំងពីរ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងថែរក្សា ការពារនូវអគារទួលសុវត្ថិភាព ដែលជាសមិទ្ធផលថ្មី សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួនឱ្យបានល្អ។ ជាពិសេសអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន៕

Ti Amo (ពស)

អត្ថបទទាក់ទង