(ពោធិ៍សាត់)៖ ជារៀងរាល់ថ្ងៃឧបោសថសីល ក្នុងមួយខែ២ដង, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តែងតែចូលរួមចំណែក ចិញ្ចឹមពុកម៉ែប្រជាពលរដ្ឋ ដែលជាជនចាស់ជរា (ដូនជី តាជី) ទូទាំងក្រុងពោធិ៍សាត់ ទៅតាមលទ្ធភាពជាក់ស្តែង តាមរយៈការផ្តល់ស្បៀង និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ពួកគាត់ ដើម្បីសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងអំឡុងនៃការរីករាលជំងឺកូវីដ១៩។
ជាក់ស្តែងនាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅបរិវេណសាលាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានចាត់ឱ្យលោក អ៊ុង ថុនា នាយករងរដ្ឋបាលខេត្តពោធិ៍សាត់ នាំយកអង្ករ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់ដូនជី តាជី និងគ្រួសារក្រីក្រ បានជិត៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម ទឹកស៊ីអ៊ីវ០១ដប និងត្រីខ០២កំប៉ុង។
ដូនជី តាជីចាស់ៗ និងគ្រួសារក្រីក្រ ដែលបានទទួលអំណោយពីឯកឧត្តមអភិបាលខេត្ត បានគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ សណ្តោស ប្រណី និងបង្ហាញអារម្មណ៍សូមឱ្យឯកឧត្តមបន្តនៅជាម្លប់ដល់ប្រជាពលរដ្ឋក្នុងខេត្តជារៀងរហូត៕
Ti Amo (ពស)