(ពោធិ៍សាត់)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលទីតាំងប្រារព្ធពិធីប្រគល់-ទទួលផ្ទះ (ជំហាន២) ចំនួន២៥០ខ្នង ជូនអតីតយុទ្ធក្រីក្រ និងមានពិការភាព ដែលចូលមករស់នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីនេះនឹងត្រូវធ្វើឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ស្អែកនេះ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរបញ្ជាក់ថា ដោយពិនិត្យឃើញពីពលីកម្មដ៏ធំធេងចំពោះជាតិមាតុភូមិ និងការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើសំណើគោរពចូលមកសម្តេចតេជោ ហ៊ុន សែន ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់ ហើយសម្តេចតេជោក៏បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងខាងលើ។ ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះខាត ធ្វើយ៉ាងណាឱ្យបានគ្រប់ចំនួន ៦២៨គ្រួសារ/ខ្នងផ្ទះ ដោយមិនឱ្យខ្វះមួយគ្រួសារណាឡើយ។ បន្ថែមពីនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យសាងសង់សាលារៀន និងមណ្ឌលសុខភាព ដើម្បីឱ្យបងប្អូន កូនក្មួយ និងចៅៗ បានសិក្សារៀនសូត្រ និងសម្រាកព្យាបាលនៅទីនោះផ្ទាល់តែម្តង។
ការផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត គឺជាការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារតែសម្តេច ធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងមានប្រវត្តិតស៊ូជាច្រើនរាប់មិនអស់ ជាមួយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ដទៃទៀត ជាពិសេសបងប្អូនអតីតយុទ្ធជន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
លំនៅដ្ឋានចំនួន៥០ខ្នង ត្រូវបានធ្វើពិធីប្រគល់-ទទួល (ជំហាន១) កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ដោយឡែកលំនៅដ្ឋាន២៥០ខ្នងទៀត នឹងត្រូវធ្វើពិធីប្រគល់-ទទួល (ជំហាន២) នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ស្អែកនេះ ដើម្បីផ្តល់ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ដែលបានចូលមករស់នៅ និងធ្វើការដាំដុះជាបណ្តើរៗ។ សម្រាប់ការចូលមករស់នៅទីតាំងនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានសម្រេចឧបត្ថម្ភអង្កររៀងរាល់ដើមខែ ដល់ក្រុមគ្រួសារអតីតយុទ្ធជន ដោយក្នុង១គ្រួសារ/ខ្នងផ្ទះ ចំនួន៥០គីឡូក្រាម រហូតដល់ដំណាច់ឆ្នាំ២០២១ផងដែរ៕
Ti Amo (ពស)