(ពោធិ៍សាត់)៖ នាព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជានាយករងខុទ្ទកាល័យសម្តេចតេជោ បាននាំយកមៀនប៉ៃលិន (ផ្លែតាង៉ែន) ប្រមាណជិត៧តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីទុកចែកជូនដល់កងកម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យ យុវជន អ្នកជំងឺ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្ត។
ពិធីប្រគល់ទទួលមៀនប៉ៃលិន (ផ្លែតាង៉ែន) ខាងលើនេះ ធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពី លោកស្រី ម៉ែន ផល្លី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកនាយករដ្ឋបាលសាលាខេត្ត និងក្រុមការងាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិតមួយចំនួនទៀត។
លោកស្រី ម៉ែន ផល្លី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជួសមុខឱ្យ ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមគោរពថ្លែងអំណរ គុណ ដ៏ជ្រាលជ្រៅនូវទឹកចិត្តមហាថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភមៀនប៉ៃលិន (ផ្លែតាង៉ែន) ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ផ្តល់ជូនក្រុមការងារជួរមុខ ដែលកំពុងបំពេញការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមណ្ឌលនានា។ ការប្រគល់ផ្លែមៀននេះ គឺស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដែលបានបញ្ជាឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ចុះទៅប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ ក្នុងទិសស្លោកដែលមិនអាចបំភ្លេចបានគឺ «ខ្មែរជួយខ្មែរក្នុងគ្រាលំបាក»។
សូមបញ្ជាក់ថា ប្រជាកសិករមួយចំនួនបានត្អូញត្អែរអំពីការពិបាក នៅក្នុងការលក់កសិផលរបស់ខ្លួន ជាពិសេស ផ្លែមៀន និងតាង៉ែនតែម្ដង ដែលដល់ពេលប្រមូលផលហើយ មិនអាចលក់ចេញបាន ដោយសារតែប្រទេសថៃ បាន បិទមិនឱ្យនាំចូល ខណៈប្រទេសនេះ កំពុងរងការរាតត្បាត នៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ។ ជាក់ស្តែង មៀនប៉ៃលិន (ផ្លែតាង៉ែន) ប្រមាណជិត៧តោន ក៏ត្រូវបានប្រគល់ជូនដល់ក្រុង-ស្រុកទាំង៧ នៃខេត្តពោធិ៍សាត់ សម្រាប់ចែកជូនដល់ក្រុមការងារជួរមុខ ដែលកំពុងបំពេញការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមណ្ឌលនានាផងដែរ៕
Ti Amo (ពស)