(ពោធិ៍សាត់)៖ រថយន្តសង្គ្រោះបន្ទាន់ ចំនួន០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន០២រូប ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីប្រគល់បន្តជូនមន្ទីរពេទ្យបង្អែកពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកបាកាន ទុកសម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា និងសម្រាប់ចូលរួមចំណែកប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្ត។
ពិធីប្រគល់ទទួលរថយន្តខាងលើ ធ្វើឡើងនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, លោកប្រធានលេខាធិការដ្ឋានកូវីដ១៩ខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត, លោកប្រធាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានការិយាល័យស្រុកប្រតិបត្តិសំពៅមាស និងបាកាន។
រថយន្តទី១ ម៉ាកToyota ស៊ីណា ជាអំណោយរបស់លោក ភុំ ផៃឌឿន និងលោកស្រី ហេង រក្សា ត្រូវផ្តល់ជូនមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ រថយន្តទី២ ម៉ាកToyota ស្តារ៉ិច ជាអំណោយរបស់លោក សុង វណ្ណា និងលោកស្រី ទឹម ហុង ត្រូវផ្តល់ជូនមន្ទីរពេទ្យបង្អែកបាកាន។
ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា រថយន្តទាំង២គ្រឿងខាងលើនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ និងចែករំលែកធនធានផ្ទាល់ខ្លួនរបស់លោក ភុំ ផៃឌឿន និងលោក សុង វណ្ណា ព្រមទាំងក្រុមគ្រួសារ សំដៅបង្កលក្ខណៈងាយស្រួលសព្វគ្រប់បែបយ៉ាង ដល់មន្ទីរពេទ្យបង្អែកពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកបាកាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគុណភាពការងារ ក្នុងបម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យ ធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ឯកឧត្ដម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សាឱ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង៕
Ti Amo (ពស)