(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ប្រេងឆា មី ទឹកស៊ីអ៊ីវ មីសួរ និងត្រីខ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត។
ក្នុងពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានធ្វើឡើងនៅវេទិកាដោះស្រាយក្តីក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត, លោក នាយករងរដ្ឋបាលសាលាខេត្ត, អាជ្ញាធរស្រុក ឃុំដែលត្រូវទទួលបន្ត និងសប្បុរសជនជាច្រើនរូបទៀត។
សប្បុរសជន ដែលផ្តល់គ្រឿងឧបភោគបរិភោគ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖
១-ក្រុមហ៊ុន អិមអិច ម៉ី ស៊ីង មែទ្រីសអេនធើប្រាយ ឯ.ក ផ្តល់ជូនអង្ករ០២តោន
២-លោក អ៊ឹង ដារ៉ា និងលោកស្រី កាង ស៊ូឡេង ផ្តល់ជូនអង្ករ០១តោន
៣-សាកលវិទ្យាល័យ ចេនឡា ផ្តល់ជូនអង្ករ០១តោន
៤-លោក វៃ ឈានជាំង ផ្តល់ជូនមី៥០០កេស, ត្រីខ៥០០យួរ, ទឹកស៊ីអ៊ីវ៥០០យួរ, ប្រេងឆា៥០០ដប និងមីសួរ៥០០កញ្ចប់
៥-លោកស្រី ម៉ី ម៉ារ៉ានី (អាជីវករផ្សារថ្មី) ផ្តល់ជូនអង្ករ០២តោន។
ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ក្រុមហ៊ុន សាកលវិទ្យាល័យ និងសប្បុរសជន ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តនាពេលនេះ។
ឯកឧត្តម ម៉ៅ ធនិន បានចាត់ទុកថា កាយវិការមនុស្សធម៌ របស់លោកប្រធានក្រុមហ៊ុន នាយកសាកលវិទ្យាល័យ និងសប្បុរសជន គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ និងជាវប្បធម៌ នៃការចែករំលែក ចេះជួយគ្នា ក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ដែលសកម្មភាពនេះ ជាការចូលរួមចំណែក យ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta។
សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ក៏ដូចជាបណ្តាខេត្ត/ក្រុងដទៃផ្សេងទៀតដែរ គឺមានករណីផ្ទុះឡើងជំងឺកូវីដ-១៩ដូចៗគ្នា។ ក្រោមការដឹកនាំរបស់អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមបានប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណា ដើម្បីកាត់ផ្តាច់ការចម្លងនេះឱ្យបានឆាប់រហ័ស។ ជាមួយគ្នានោះ ឯកឧត្តមតែងតែអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមគោរពច្បាប់សារាចរណ៍នានា ព្រមទាំងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ និងមុខរបរផ្សេងៗទៀត ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង៕
Ti Amo (ពស)