(ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់ បានចាប់ផ្តើមឡើងបន្តិច ក៏ប៉ុន្តែពុំទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ ពោលគឺកម្ពស់ទឹក ៣.៧៥ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោកប្រធានមន្ទីររូបនេះ បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៣.៧៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ២.៣៨ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២.១៧ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។ ចំពោះកម្ពស់ទឹកភ្លៀង ២៤ម៉ោង មាន៣លើ៧ក្រុងស្រុក៖ ក្រុងពោធិ៍សាត់១១មីលីម៉ែត្រ, ស្រុកបាកាន១.៣មីលីម៉ែត្រ និងស្រុកក្រគរ ៥.៦មីលីម៉ែត្រ។
លោក កែវ វ័យ បានបន្តថា យើងពុំទាន់ដឹងអំពីស្ថានភាពទឹកភ្លៀង នៅផ្នែកខាងលើ នៅតែបន្តភ្លៀងយ៉ាងណានៅឡើយ តែបើយោងតាមស្ថានីយ៍វាស់កម្ពស់ទឹក នៅតាមដងស្ទឹងនានា គឺនៅក្នុងកម្រិតស្តួចស្តើងនៅឡើយ។ តែទោះជាយ៉ាងណាក្តី ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមតែងតែទទួលជ្រាបព័ត៌មាន និងដាក់ផែនការត្រៀមរួចជាស្រេច នូវមធ្យោបាយសរុប និងកម្លាំងសរុប ដើម្បីគ្រប់គ្រងស្ថានការ ក្នុងគ្រាប្រកាសអាសន្នកើតឡើង និយាយជារួម ដូចឆ្នាំ២០២០កន្លងទៅយ៉ាងដូច្នេះឯង៕
Ti Amo (ពស)