(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រជានេសាទ ដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប នៃឃុំរំាងទិល ស្រុកកណ្តៀង នាពេលបច្ចុប្បន្ននេះ ទទួលបានសមិទ្ធិផលធំៗជាច្រើន ទាំងផ្ទាល់ និងទាំងប្រយោល ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូចជាសាលារៀន ផ្លូវថ្នល់ មណ្ឌលសុខភាព បណ្តាញភ្លើងអគ្គិសនី និងសូឡាប្រើពន្លឺព្រះអាទិត្យ ដាក់នៅតាមទូក លំនៅដ្ឋាន និងទីសាធារណៈ មិនចាញ់ប្រជាពលរដ្ឋ នៅក្នុងទីប្រជុំជននោះឡើយ។
ឯកឧត្តម កែវ រតនៈ បានលើកឡើងបែបនេះ នៅបរិវេណសាលាបឋមសិក្សារាំងទិល ក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជូនដល់ប្រជានេសាទ ឃុំរាំងទិល ចំនួន៦៥០គ្រួសារ ដែលជួបការខ្វះខាតស្បៀង ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ និងក្នុងរដូវបិទនេសាទផងដែរ។
អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ដែលត្រូវប្រគល់ជូនប្រជានេសាទ ក្នុងឃុំរាំងទិល ស្រុកកណ្តៀង ៦៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ និងទឹកត្រី១យួរ។
ឯកឧត្តមបានថ្លែងទៀតថា ឃុំរាំងទិល កាលពីសម័យមុនៗ គឺមិនទាន់មានការអភិវឌ្ឍន៍នោះឡើយ ទើបតែនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូ និងយកចិត្តទុកដាក់ ជម្រុញការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ របស់បងប្អូនប្រជានេសាទ កំពុងរស់នៅក្នុងតំបន់នេះ ឱ្យកាន់តែមានជីវភាពល្អប្រសើរ កាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមមានប្រសាសន៍ទៀតថា បងប្អូនប្រជានេសាទ ស្ទើរតែគ្រប់គ្រួសារ ពឹងផ្អែកទាំងស្រុងទៅលើការនេសាទ សម្រាប់ដោះស្រាយ និងចិញ្ចឹមជីវិតប្រចាំថ្ងៃ ដើម្បីឱ្យមុខរបរមួយនេះ ទទួលបាននូវគុណប្រយោជន៍ច្រើនទាំងពេលនេះ និងទៅថ្ងៃអនាគត សូមជួយចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលនៅក្នុងបឹងទន្លេសាប កាន់តែសម្បូរបែបសម្រាប់កូនចៅយើងក្រោយៗទៀត៕
Ti Amo (ពស)