(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលកំពុងមានកិច្ចសហការ ក្នុងកិច្ចការពារតំបន់ការពារធម្មជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំ Video Conferenceខេត្ត ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលរងខេត្ត ទទួលបន្ទុកការងារបរិស្ថាន, លោក Eduard Lefter នាយករងគម្រោង, លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសរុបចំនួន១៣រូប។
ក្នុងកិច្ចប្រជុំនេះដែល បានលើកយកប្រធានបទសំខាន់ៗចំនួន២ រួមមាន៖ ១-គម្រោងដោះលែងសត្វខ្លាធំ និង២-គម្រោងផ្លាស់ប្តូរទីតាំងលំនៅឋាន ជូនប្រជាពលរដ្ឋចំនួន២ទីតាំង គឺចំណុចអូរវល្លិ៍ពែន ក្នុងភូមិឆាយលូក ឃុំអូរសោម និងចំណុចជិតទំនប់វារីអគ្គិសនីអាតៃ ដែលមានផ្ទៃដីសរុប២០,៧ហិកតា មកកាន់ទីតាំងថ្មី មានផ្ទៃដីចំនួន៥០ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១០ ដែលតភ្ជាប់តំបន់សហគមន៍ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានឯកភាព ចំពោះការផ្លាស់ប្តូរទីតាំងនេះ ប៉ុន្តែតម្រូវឱ្យភាគីអង្គការ សហការជាមួយជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន មុនពេលធ្វើសេចក្តីសម្រេចជាលើកចុងក្រោយ។ ជាមួយគ្នានោះ ឯកឧត្តមបានណែនាំ ឱ្យរដ្ឋបាលខេត្ត ធ្វើការកែសម្រួលសេចក្តីសម្រេចថ្មី ដើម្បីបង្កើតក្រុមការងារ ក្នុងការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ៕
Ti Amo (ពស)