រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ជាវ តាយ ប្តេជ្ញារួមគ្នា ធ្វើការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីខេត្តពោធិ៍សាត់ និយាយជារួមក្នុងស្រុកក្រគរ

  • 744
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ក្រុមការងារ និងរដ្ឋបាលខេត្ត នឹងប្តេជ្ញារួមគ្នា ធ្វើការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ និយាយជារួមក្នុងស្រុកក្រគរផ្ទាល់តែម្តង ដោយផ្តោតសំខាន់លើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ កីឡា និងអភិរក្សធនធានជលផល សម្រាប់ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងបែបនេះ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅរោងចក្រខ្សែកាប ក្នុងពិធីជួបសំណេះសំណាល និងនាំយកអំណោយមកចែកជូន ក្មួយៗកម្មករកម្មការិនី រោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ដែលរស់នៅក្នុងឃុំស្នាអន្សារ និងឃុំអន្លង់ត្នោត ចំនួន១៥៥១នាក់ ដោយបានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងក្រុមការងារជាច្រើនរូបទៀត។

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ជាវ តាយ បានថ្លែងបញ្ជាក់ថា នៅពេលខាងមុខ ក្រុមការងារ និងរដ្ឋបាលខេត្ត នឹងប្តេជ្ញារួមគ្នាធ្វើការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ និយាយជារួមក្នុងស្រុកក្រគរផ្ទាល់តែម្តង ដោយផ្តោតសំខាន់លើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ កីឡា និងអភិរក្សធនធានជលផល ឱ្យកាន់តែលេចធ្លោ និងឈានមុខគេក្នុងខេត្ត សម្រាប់ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យកាន់តែច្រើនឡើង ឈានទៅបង្កើតទីផ្សារការងារ និងកាត់បន្ថយភាពក្រីក្រ។

ថ្នាក់ដឹកនាំទាំង២ បានបន្ថែមថា ជាមោទនភាពសម្រាប់ខេត្តយើង ដោយផ្អែកទៅលើការបោះទុនវិនិយោគ និងសក្តានុពលដែលមាននៅក្នុងតំបន់នេះ ដូចជារោងចក្រកាត់ដេរ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតត្រង់ហ្វូរ និងរោងចក្រផលិតខ្សែកាបិ៍។ល។… ជាមួយគ្នានោះក៏មានរោងចក្របង្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុនផលិតរថយន្ត Ford ក៏ត្រូវបាននឹងកំពុងដំណើរការសាងសង់ ដែលរោងចក្រសហគ្រាសទាំងអស់នេះ អាចស្រូបយកនូវទីផ្សារពលកម្មបានរាប់ពាន់​​នាក់។

តាមរយៈនៃការសំណេះសំណាលនោះដែរ ថ្នាក់ដឹកនាំទាំង២ ក៏បានអំពាវនាវដល់ក្មួយៗកម្មករកម្មការិនី ចូលរួមជួយថែរក្សាសន្តិភាព ក៏ដូចជាសមិទ្ធផលដែលមានស្រាប់ ឱ្យឋិតស្ថេរគង់វង់យូរអង្វែង, ចំពោះក្រុមការងារ ក៏ដូចជារដ្ឋបាលខេត្ត នឹងប្តេជ្ញាសហការស្វែងរកអ្នកវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីមកអភិវឌ្ឍន៍ក្នុងទឹកដីខេត្តពោធិ៍សាត់ទាំងមូល និយាយជារួមក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរផ្ទាល់តែម្តង។ ជាមួយគ្នានោះ គប្បីបង្កើនស្មារតី និងអនុវត្តជាប់ជាប្រចាំ នូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា «៣ការពារ ៣កុំ» ព្រោះថាការចាក់វ៉ាក់សាំង យើងមិនអាចធានាបានទាំងស្រុងនោះទេ កត្តាសំខាន់ត្រូវចេះការពារដោយខ្លួនឯង គ្រួសារ និងសហគមន៍ ទើបរួចផុតពីជំងឺដ៏កាចសាហាវ និងអាចឈានទៅបើកប្រទេស និងសេវាកម្មផ្សេងៗឡើងវិញនាពេលខាងមុខ៕

Ti Amo (ពស)

អត្ថបទទាក់ទង