(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា ឆ្នាំ២០២១ ក្រោមកិច្ចដឹកនាំពី ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងដោយបានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត។
បន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យពិភាក្សា និងធ្វើការដោះស្រាយនូវចំណុចដែលខ្វះចន្លោះនោះរួចមក, ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរក្រុងស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រអនុវត្តន៍នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយស្មោះត្រង់ត្រឹមត្រូវ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានដាក់ចេញនូវផែនការ ចំនួន៩ចំណុចធំៗ ដើម្បីធ្វើការឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ រួមមាន៖
១.របាយការណ៍របស់រដ្ឋបាល ត្រូវកែទម្រង់ឱ្យបានល្អប្រសើរ ទៅតាមកែណែនាំ របស់ក្រសួងមហាផ្ធៃ ពិសេសច្បិតយកចំណុចសំខាង់ៗ និងលំអិត ធ្វើការឆ្លើយតបទៅតាមមន្ទីរអង្កភាព ឱ្យមានប្រសិទ្ធភាព
២.ការប្រមូលចំណូលពន្ធប្រថាប់ត្រា ត្រូវផ្សព្វផ្សាយឱ្យអស់លទ្ធភាព
៣.មន្ត្រីក្រោមឱវាទ ត្រូវគោរពសិទ្ធិ និងតួនាទីភារកិច្ចរបស់ខ្លួន
៤.ត្រូវសាងសង់អគាររដ្ឋបាលស្រុកតាលោសែន ឱ្យបានក្នុងឆ្នាំ២០២២ខាងមុខ នៅលើដីគ្រោងទុករបស់រដ្ឋ
៥.ចំពោះសាលាឃុំ ដែលមិនទាន់សាងសង់ ជាក់ស្តែងនៅស្រុកវែលវែង ត្រូវសាងសង់ឱ្យរួចរាល់ នៅក្នុងឆ្នាំ២០២២
៦.ជុំវិញរបាយការណ៍សកម្មភាពរបស់មន្ទីរ បើមិនមានការកែប្រែទេនោះ គឺទទួលយក
៧.ចំពោះការលើកឡើង របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ជុំវិញការសាងសង់មណ្ឌលបន្សាបគ្រឿងញៀន មជ្ឈមណ្ឌលស្តារនីតិសម្បទាខេត្ត គឺជាចំណុចល្អប្រសើរមួយ បញ្ហានេះខេត្តនឹងទទួលយកទៅពិនិត្យ
៨.បរិវេណកោះសំពៅមាស ដែលមានការខូចខាត មន្ទីរសាធារណការខេត្ត ត្រូវទទួលមុខការដោះសា្រយ ដើម្បីរៀបចំភ្លើង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ក្នុងការទទួលភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋឡើងវិញ
៩.ដោយឡែកចំពោះការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ត្រូវពន្លឿន និងធ្វើការផ្លាស់ប្តូរឱ្យបានឆាប់រហ័ស ចំពោះអត្តសញ្ញាណប័ណ្ណចាស់ មកថ្មី ក្នុងការត្រៀមចុះឈ្មោះ និងត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០២២ខាងមុខ៕
Ti Amo (ពស)