(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃឧបោសថសីល ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ លាង ហៃ ជាវ តាយ អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ បានចូលរួមក្នុងពិធីទទួលពុទ្ធជ័យមង្គល ពីព្រះមេគណ និងព្រះអនុគណស្រុកក្រុងទាំង៧ ទូទាំងខេត្ត នៅវត្តកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពិធីនេះធ្វើឡើង ដើម្បីប្រោះព្រំសុំពុទ្ធជ័យសិរីមង្គល សុំសេចក្ដីសុខ សេចក្ដីចម្រើន ក្នុងឱកាសដែលឯកឧត្តម ជាវ តាយ ទើបចូលកាន់មុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីបន្តដឹកនាំគ្រប់គ្រងបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកបន្ថែមទៀត។
បើតាមលោកអាចារ្យ វង្ស វិមាន ជាអ្នកកាន់កម្មវិធី បានឱ្យដឹងថា ពិធីនេះដំណើរការទៅបាន គឺស្របទៅតាមគន្លងព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តប្រោះព្រំ និងជូនពរជ័យ បញ្ជៀសនូវឧបទ្រុបចង្រៃទាំងឡាយ ទាំងពួង សូមឱ្យវិនាសបាត់បង់កុំឱ្យមានសេសសល់ឡើយ និងដើម្បីឱ្យឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ មានឱកាសបម្រើប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឈខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងបន្ថែមទៀត។
ក្នុងថ្ងៃដដែលនោះ ថ្នាក់ដឹកនាំបានបន្តរៀបចំថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសសូមឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19)ផងដែរ៕
Ti Amo (ពស)