(ពោធិ៍សាត់)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធ៍សាត់ អមដំណើរដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំមួយចំនួនទៀត នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រុមហ៊ុន ឆាយណាតាថាងគ្រុប មកចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជិត៧០០នាក់ នៅវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ស្ថិតនៅក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ឯកឧត្តម ស៊ុយ សែម បានថ្លែងថា ដោយសារតែស្ថានភាពកូវីដ១៩ អូសបន្លាយពេលយូរ បានធ្វើឱ្យជំនួបសួរសុខទុក្ខ រវាងថ្នាក់ដឹកនាំ ក៏ដូចជាក្រុមហ៊ុន ឆាយណាតាថាងគ្រុប បានផ្អាកមួយរយៈ។ តែការជួបជុំនាពេលនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានរិះរកវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាចៅៗសិស្សានុសិស្សបានគ្រប់ៗគ្នា រហូតឈានទៅបើកដំណើរការសាលារៀន និងបើកច្រកសេដ្ឋកិច្ចប្រទេសឡើងវិញ។
ឯកឧត្តមបានថ្លែងថា ក្រុមហ៊ុនឆាយណាតាថាងគ្រុប គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលអភិវឌ្ឍន៍វ៉ារីអគ្គិសនីក្នុងទឹកដីកម្ពុជា និយាយជារួមក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជានិច្ចកាលក្រុមហ៊ុននេះ តែងតែផ្តល់អំណោយជាសម្ភារ និងថវិកា ដើម្បីចែកជូនដល់លោកគ្រូ អ្នកគ្រូ និងចៅៗសិស្សានុសិស្ស នៅក្នុងឃុំអូរសោម ស្រុកវាលវែង និងឃុំស្យា ស្រុកកណ្តៀង ជាក់ស្តែងនាថ្ងៃនេះ នៅវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា គឺមានម៉ាស់៧៥០ប្រអប់, សៀវភៅ៣៨០០ក្បាល, ប៊ិចខៀវ១៥០០ដើម, ប៊ិចក្រហម១០០ដើម ក្រដាសកូពី២៥កញ្ចប់, សារ៉ុង៤៨សម្រាប់, កុំព្យូទ័រលើតុ៣ឈុត, ម៉ាស៊ីនព្រីនស្កេនកូពី០១គ្រឿង ព្រមទាំងថវិកាមួយចំនួន។ ដែលក្នុងនោះលោកគ្រូ អ្នកគ្រូ ម្នាក់ៗទទួលបាន សារ៉ុង០១, ប៊ិចខៀវ០២ដើម, ប៊ិចក្រហម២ដើម, សៀវភៅ៥ក្បាល, ម៉ាស់១ប្រអប់ និងថវិកា២ម៉ឺនរៀល។ សិស្សានុសិស្ស ម្នាក់ៗទទួលបាន ប៊ិចខៀវ០២ដើម, សៀវភៅ០៥ក្បាល, ម៉ាស់០១ប្រអប់ និងថវិកា៥ពាន់រៀល។ ដោយឡែកកុំព្យូទ័រ០៣ឈុត និងម៉ាស៊ីនព្រីន ទុកសម្រាប់សិស្សានុសិស្សប្រើប្រាស់ក្នុងបណ្ណាល័យ។
ឯកឧត្តមបានក្រើនរំលឹកដល់ចៅៗសិស្សានុសិស្សទាំងអស់ ដែលមានឱកាសបានចូលសិក្សារៀនសូត្រឡើងវិញនេះ សូមចៅៗបន្តខិតខំសិក្សារៀនសូត្រ ទទួលយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីត្រៀមប្រឡងសញ្ញាបត្រនៅពេលខាងមុខ និងជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ និងសង្គមជាតិទៅអនាគត។ ឯកឧត្តមបានណែនាំដល់លោកគ្រូ អ្នកគ្រូ និងចៅៗសិស្សានុសិស្ស ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ, ៣កុំ» ដើម្បីសំដៅធ្វើយ៉ាងណា កាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ និងត្រូវរៀនរស់ និងការសិក្សាជាមួយគន្លងថ្មី នៃបរិបទកូវីដ១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្នុងថ្ងៃដដែលនោះថ្នាក់ដឹកនាំ បានបន្តចុះទស្សនកិច្ចអនុស្ថានីយ៍ពោធិ៍សាត់ ដែលស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ដើម្បីត្រួតពិនិត្យមើលអំពីវឌ្ឍនភាពនៃការចែកចាយខ្សែបញ្ជូនបន្ត របស់ក្រុមហ៊ុន ឆាយណាតាថាងគ្រុបផងដែរ៕
Ti Amo (ពស)
default default default default