(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានលើកឡើងថា រដ្ឋបាលខេត្តពោធិ៍សាត់ នឹងចូលរួមរៀបចំអនុវត្តឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត ចំពោះបញ្ហាអនាម័យបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំផុសចលនាអប់រំ ការយល់ដឹងឱ្យបានក្លាំងក្លា ក្នុងចូលរួមរបស់មហាជន ក្នុងការធ្វើអនាម័យបរិស្ថាន នាំគ្នាសំអាតផ្ទះសម្បែង ការដាំដើមឈើនៅតាមមូលដ្ឋាន ឱ្យបានផុសផុលប្រកបដោយព័ណ៌បៃតង ការទុកដាក់សំណល់សំរាមឱ្យបានត្រឹមត្រូវដោយត្រូវវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ដើម្បីកាត់បន្ថយសំណល់ លើកទឹកចិត្តដល់ការប្រើប្រាស់ឡើងវិញ និងកែច្នៃសំណល់ឡើងវិញ ដោយប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់ នៅតាមទីលានចាក់សំរាម។
ឯកឧត្តមបានលើកឡើងបែបនេះ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» ដោយបានការអញ្ជើញចូលរួម ពីអភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានថ្លែងថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ធ្វើឡើងក្នុងគោលបំណង ដើម្បីបំផុសស្មារតី ចលនាប្រជារាស្ត្រ ព្រះសង្ឃ កងយោធពលខេមរភូមិន្ទ នគរបាល អ្នករាជការគ្រប់ផ្នែក សិស្ស និសិត្សគ្រប់ភូមិសិក្សា ចូលរួមទាំងស្មារតី ទាំងសំភារៈ ក្នុងបំណងបំបាត់ឱ្យខាងតែបាន ភាពក្រខ្វក់ និងសំរាម កាកសំណល់ផ្សេងៗ និងផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋ ឱ្យចេះស្រលាញ់ ថែរក្សាធម្មជាតិ និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន នៅតាមមូលដ្ឋានរបស់ខ្លួន និងកែលំអបរិស្ថាន ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគ្របដណ្តប់ដោយរុក្ខជាតិខៀវស្រងាត់ ស្រស់បំព្រង ផ្កាចម្រុះព័ណ៌ លើកស្ទួយសុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយអនាម័យបរិស្ថានល្អ។
លោកប្រធានមន្ទីរបន្តថា ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ពួកយើងទាំងអស់គ្នា ចាំបាច់ត្រូវយកចិត្តទុកដាក់ លើកកម្ពស់ការគ្រប់គ្រងសំណល់រឹង ឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ដើម្បីកែប្រែក្លាយសំណល់មួយចំនួន ឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលាន។ នេះជាគោលការណ៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលជំរុញដល់ក្រុង ស្រុក ទូទាំងប្រទេស ឱ្យយកចិត្តទុកដាក់ ក្នុងការប្រមូល ទុកដាក់ សំណល់រឹង រាវ ទីប្រជុំជន។
ឯកឧត្តម ជាវ តាយ បានសម្ដែងនូវសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលបានរៀបចំ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកានេះឡើង ជាកិច្ចការដ៏សំខាន់ របស់យើងទាំងអស់គ្នា ដោយមានកិច្ចសហការ ជាមួយអាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យពោធិ៍សាត់។ ខេត្តពោធិ៍សាត់ដែលមានមន្ទីរបរិស្ថានខេត្ត ជាសេនាធិការ ទទួលបន្ទុកលើជំនាញបរិស្ថាន បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងលើវិស័យបរិស្ថាន ដើម្បីចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សចម្រុះ និងការរស់នៅប្រកបដោយចីរភាពដល់សាធារណៈជន។
ឯកឧត្តម បានបន្ថែមថា ការរួមចំណែក ក្នុងការធ្វើអនាម័យទាំងនៅលំនៅឋាន ទីកន្លែងបម្រើការងារ សាលារៀន និងនៅតាមទីសាធារណៈ គឺជាកិច្ចការដ៏សំខាន់របស់យើងទាំងអស់គ្នា មិនថាអាជ្ញាធរ ឬអង្គភាពជំនាញផ្ទាល់នោះទេ យើងត្រូវចាត់ទុកខេត្តពោធិ៍សាត់ ជាផ្ទះរបស់យើងទាំងអស់គ្នា ប្រទេសកម្ពុជាទាំងមូលក៏ជាផ្ទះរបស់យើងទាំងអស់គ្នា យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីឲ្យភូមិឋានយើង ខេត្តយើង និងប្រទេសជាតិយើង មានបរិស្ថានល្អ រស់នៅមានសេចក្ដីសុខនិងភាពរីកចម្រើន។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានប្រគល់ធុងសម្រាម ម៉ាស់ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ សម្រាប់ប្រើប្រាស់ ក្នុងវិទ្យាល័យពោធិ៍សាត់ផងដែរ៕
Ti Amo (ពស)