រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គណៈប្រតិភូខេត្តពោធិ៍សាត់ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ស ស៊ន់ ត្រូវជាបងស្រី សម្តេចក្រឡាហោម ស ខេង និងត្រូវជាម្តាយបង្កើត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តពោធិ៍សាត់

  • 646
  • ដោយ Admin

(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងសហការី បានអញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើត របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងត្រូវជាម្តាយបង្កើត របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់។

សពមហាឧបាសិកា ស ស៊ន់ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី តាមគន្លងព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៣៦៨ ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងក្រោយសាលាខណ្ឌសែនសុខ)។

ឯកឧត្តម ជាវ តាយ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ មានក្តីរន្ធត់ជាខ្លាំង ក្រោយពីបានទទួលដំណឹងថាឧបាសិកា ស ស៊ន់ បានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៥០នាទីយប់ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ។ ការទទួលមរណភាពរបស់ឧបាសិកា ស ស៊ន់ គឺជាការបាត់បង់នូវបងស្រី មាតា ជីដូន ជីដូនឡូតមួយរូប ប្រកបដោយព្រហ្មវិហារធម៌ ដែលគួរឱ្យគោរពស្រលាញ់បំផុត គ្រប់សមាជិកគ្រួសារ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។

ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តពោធិ៍សាត់ ឯកឧត្តមសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យជាមួយក្រុមគ្រួសារ សម្តេចក្រឡាហោម និងលោកឧត្តមសេនីយ៍ទោ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងសូមបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធ សពឧបាសិកា ស ស៊ន់ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចក្រឡាហោម និងឧត្តមសេនីយ៍ទោ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីយើងខ្ញុំទាំងអស់គ្នា៕

Ti Amo (ពស)

អត្ថបទទាក់ទង