(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តនៅខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត។
បន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយ នូវចំណុចដែលខ្វះចន្លោះនោះរួចមក, ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រ គោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបង្កើនការងារឱ្យកាន់តែមានភាព សកម្មជាងនេះទៅទៀតនោះ ឯកឧត្តម ជាវ តាយ បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ រួមមាន៖
ទី១-រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវធ្វើរបាយការណ៍ឱ្យបានចប់ មុនថ្ងៃទី២៥ ដើម្បីផ្ញើជូនរដ្ឋបាលខេត្តធ្វើការបូកសរុប និងទុកពេល៥ថ្ងៃ ក្នុងការកែសម្រួល មុននឹងដាក់ក្នុងកិច្ចប្រជុំតាមខែនីមួយៗ។
ទី២-សូមឱ្យអភិបាលក្រុង ស្រុកទាំងអស់ ត្រួតពិនិត្យអំពីបញ្ហាប្រឈមនៅក្នុងរដ្ឋបាលក្រុង ស្រុកនីមួយៗ ធ្វើដោះស្រាយនៅថ្នាក់មូលដ្ឋាន បើដោះស្រាយមិនបាន ត្រូវបញ្ជូនសំណុំរឿងមកខេត្ត រួមគ្នាដោះស្រាយ មិនត្រូវទុកយូរនោះឡើយ។
ទី៣-ចំពោះករណីចាប់ចង និងឃាត់ខ្លួន ក៏ត្រូវមានការត្រួតពិនិត្យអំពីបទល្មើស កុំឱ្យរឿងតូច ទៅជារឿងធំ ប៉ះពាល់ដល់ សតិអារម្មណ៍ប្រជាពលរដ្ឋ មកលើថ្នាក់ដឹកនាំ។
ទី៤-ចំពោះបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម ក្មេងទំនើង សូមឱ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវដាក់ចេញនូវយន្តការ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងគោលបំណងរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
ទី៥-រាល់សេចក្តីសម្រេចទាំងអស់ សូមឱ្យមានការកែតម្រូវនូវសមភាពថ្មី ជៀសវាងនៅបន្សល់នៅសមាសភាពចាស់។
ទី៦-ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា ស្តីពីចាត់វិធានការបង្ក្រាប ការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ដូចនេះរដ្ឋបាលខេត្ត សូមដាក់ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ដែលជាប់នឹងបឹងទន្លេសាប រួមមានស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន ជម្រុញ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីវិធានការចំពោះមុខទាំង៧ចំណុច ទៅដល់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទី៧-រដ្ឋបាលខេត្តត្រូវធ្វើបច្ចុប្បន្នភាព សមភាពក្នុងGroups Telegram និងWhatsapp អ្នកដែលចាស់ដកចេញ ទុកសមភាពថ្មីធ្វើការបន្ត។
ទី៨-ជុំវិញការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ខែធ្នូខាងមុខ មន្ទីរត្រូវរៀបចំកិច្ចប្រជុំបង្កើតគណៈកម្មការ ដើម្បីឱ្យដំណើរការប្រឡង ប្រព្រឹត្តទៅដោយរលូន។
ជាមួយគ្នានោះដែរឯកឧត្តម ក៏សូមឱ្យមន្ទីរបរិស្ថាន សាលាក្រុងពោធិ៍សាត់ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ក្នុងការប្រមូលសំរាម មិនត្រូវទុកគំនរសំរាម នៅលើដងផ្លូវសាធារណៈនោះឡើយ៕
Ti Amo (ពស)