(ពោធិ៍សាត់)៖ អគាររដ្ឋបាលថ្មីមួយខ្នង នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ ដែលមានទទឹង៩,៥ម៉ែត្រ និងបណ្តោយ១៥ម៉ែត្រ កម្ពស់២ជាន់ មាន១០បន្ទប់ (បន្ទប់ការិយាល័យ ចំនួន០៩, សាលប្រជុំចំនួន០១ បន្ទប់ទឹកចំនួន០៤ និងរបងដែកមានក្លោងទ្វារ) ប្រកបដោយរចនាបទដ៏ល្អប្រណិត សាងសង់នៅលើផ្ទៃដីទំហំ១,៣៦៨ម៉ែត្រក្រឡា ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
បន្ទាប់ពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនពីស្ថានភាពទូទៅរបស់ខេត្ត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះរួចមក, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា អគាររដ្ឋបាលថ្មីនេះ ជាចំណងដៃមួយមិនអាចកាត់ថ្លៃបាន និងជាចលករជម្រុញឱ្យមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ ខិតខំបំពេញតួនាទីជាអ្នកផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរជាងមុន។ ឯកឧត្តមសូមផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ពេលបានអគារល្អហើយ ត្រូវខិតខំធ្វើការ សន្សំសំចៃ ទឹក ភ្លើង និងចូលរួមថែរក្សាអគារឱ្យបានស្អាត ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង និងត្រូវសហការចូលរួមដឹកនាំគ្រប់គ្រង វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាត ឱ្យបានល្អប្រសើរ។
ជាការពិតណាស់ថា ការកំណត់ថ្ងៃមកសម្ភោធអគាររដ្ឋបាលថ្មីខាងលើនេះ គឺលើកពេល៣ដងរួចមកហើយ ដោយសារប្រទេសជាតិកំពុងរាតត្បាតដោយសារជំងឺកូវីដ១៩ តែក្រោយពីសម្តេចតេជោបានបើកប្រទេសឡើងវិញ ឯកឧត្តមបានកំណត់ថ្ងៃមកសម្ភោធម្ដងទៀត ជាលើកទី៤ ជាក់ស្តែងថ្ងៃនេះ មានកម្មវិធីធំៗចំនួន២រួមមាន៖ «ពេលព្រឹក បើកការដ្ឋានគម្រោងពង្រីកសមត្ថភាព ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តពោធិ៍សាត់ និងពេលរសៀលនេះ សម្ភោធអគាររដ្ឋបាលថ្មី នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងដោយឡែកមួយទៀត គឺចូលរួមអបអរសាទរឯកឧត្តម ជាវ តាយ ដែលត្រូវបានព្រះមហាក្សត្រ សម្រេចតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន២ខែពេញ»។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន ដែលបានខិតខំប្រឹងប្រែងដឹកនាំបញ្ជាផ្ទាល់ ទាំងថ្ងៃ ទាំងយប់ ក្នុងការស្វាត់ស្វែងរកវ៉ាក់សាំង ដើម្បីមកចាក់ការពារអាយុជីវិត របស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស កុំឱ្យឆ្លងជំងឺកូវីដ១៩ ឈានទៅបើកដំណើរការប្រទេសឡើងវិញ។ តែទោះបីជាយើងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាហើយនោះ យើងមិនត្រូវភ្លេចខ្លួន និងត្រូវបន្តអនុវត្តន៍វិធានការ «៣កុំ ៣ការពារ» ឱ្យបានត្រឹមត្រូវ ដោយរៀនរស់តាមគន្លងថ្មី នៃបរិបទកូវីដ១៩ ព្រមទាំងផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋ ទៅទទួលយកវ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់ៗគ្នា៕
Ti Amo (ពស)