រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ភ្ញៀវទេសចរជិត៥ម៉ឺននាក់​ បានមកលេងខេត្តពោធិ៍សាត់ ក្នុងឱកាសឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យឆ្លងឆ្នាំសកល ២០២២, ផ្លូវបុប្ឆាលាក់ខ្លួន (ភ្នំ១៥០០) មានអ្នកទៅទស្សនាច្រើនជាងគេ

  • 645
  • ដោយ Admin

(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ នាឱកាសឈប់សម្រាកបុណ្យឆ្លងឆ្នាំសកល​ ២០២២ និងចុងសប្តាហ៍ មានភ្ញៀវទេសចរសរុប ៤៦,៦៤២នាក់ បានធ្វើដំណើរមកទស្សនាកម្សាន្ត នៅខេត្តពោធិ៍សាត់ ក្នុងនោះតំបន់ដែលមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺផ្លូវបុប្ឆាលាក់ខ្លួន (ភ្នំ១៥០០),​ កោះសំពៅមាស និងសួនកម្សាន្តតាលោសែនជ័យ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល៣ថ្ងៃ នាឱកាសឈប់សម្រាកបុណ្យឆ្លងឆ្នាំសកល​ ២០២២​ និងចុងសប្តាហ៍ គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅទូទាំងខេត្កពោធិ៍សាត់ បានទទួលភ្ញៀវទេសចរជាតិសរុប ៤៦,៦៣៦នាក់។​ ដោយឡែកភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួនតែ៦នាក់ប៉ុណ្ណោះ។ បើប្រៀបធៀបនឹងរយ:ពេល៣ថ្ងៃដូចគ្នា ក្នុងឆ្នាំ២០២១ ភ្ញៀវមានការកើនឡើង  ៣៤៥.៩០% (ឆ្នាំ២០២១ ភ្ញៀវទេសចរ មានចំនួន១០,៤៦០នាក់)។

លោកប្រធានមន្ទីរបន្តថា ក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៧ក្រុងស្រុក តំបន់ទេសចរណ៍ដែលមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ​ គឺស្រុកវាលវែង​ នៅផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) មានចំនួន១៧, ៨៥៩នាក់, ក្រុងពោធិ៍សាត់ នៅបុរីវប្បធម៌កោះសំពៅមាស មានចំនួន១០,៩៩០នាក់ និងស្រុកតាលោសែនជ័យ នៅសួនកម្សាន្តតាលោសែនជ័យ មានចំនួន៩,៣០០នាក់។

លោក សំ ឃីម បន្ថែមថា មន្ទីរនៅតែបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា(SOP) តាមគោលដៅទេសចរណ៍ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការការពារ «៣កុំ ៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។​ ជាមួយគ្នានោះ គណៈបញ្ជាការឯកភាពខេត្ត ក្រោមការដឹកនាំដោយ ឯកឧត្តម ជាវ តាយ បានដាក់បទបញ្ជាដល់កងកម្លាំងមានសមត្ថកិច្ច ឱ្យខិតខំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ទាំងពេលថ្ងៃ និងយប់ ពិសេសនៅយប់ឆ្លងឆ្នាំ ដែលធ្វើឱ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព មិនមានបញ្ហាគួរកត់សម្គាល់ណាមួយកើតឡើងនោះឡើយ៕

Ti Amo (ពស)

អត្ថបទទាក់ទង