រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ភ្ញៀវទេសចរជិត៤ម៉ឺននាក់ បានមកដើរលេងកម្សាន្ត ខេត្តពោធិ៍សាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ធៀបនឹងឆ្នាំមុនភ្ញៀវមានការកើនឡើង៥៦,៧៤%

  • 577
  • ដោយ Admin

(ពោធិ៍សាត់)៖ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម មានភ្ញៀវទេសចរផ្ទៃក្នុង ចំនួន៣៨,៧៥១នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងខេត្តពោធិ៍សាត់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន៣៨,៧៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន១៤នាក់ ធៀបនឹងឆ្នាំ២០២១កន្លងទៅភ្ញៀវមានការកើនឡើង៥៦,៧៤%។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៧ក្រុង ស្រុក តំបន់ទេសចរណ៍ដែលមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) ទឹកធ្លាក់ថ្មដាតូច ផារ៉ាដាយរីសត តំបន់អូរសោម, ចំពោះស្រុកក្រគរ គឺនៅទឹកធ្លាក់ច្រកល្អៀង, ស្រុកតាលោសែនជ័យ គឺនៅសួនកម្សាន្តតាលោសែនជ័យ។

លោក សំ ឃីម បន្តថា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរមាន ចំនួន៩,០២៥នាក់, ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២២ ភ្ញៀវទេសចរមាន ចំនួន១៤,៣៥៤នាក់, ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ ភ្ញៀវទេសចរមាន ចំនួន៩,៣៧៣នាក់ និងថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២នេះ ភ្ញៀវទេសចរមាន ចំនួន៥,៩៩៩នាក់។ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម កាលពីឆ្នាំ២០២១ ភ្ញៀវមានការកើនឡើង៥៦,៧៤% (ឆ្នាំ២០២១ ភ្ញៀវទេសចរមានចំនួន ២៤.៧២៣នាក់)។

លោកប្រធានមន្ទីរបានបន្ថែមថា មន្ទីរនៅតែបន្តយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា (SOP) តាមគោលដៅទេសចរណ៍ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការការពារ «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។ ជាទូទៅភ្ញៀវទេសចរបានយកបណ្ណ័ចាក់វ៉ាក់សាំងតាមខ្លួន និងចូលរួមអនុវត្តវិធានសុវត្ថិភាព ពិសេសការពាក់ម៉ាស់ ប្រើអាល់កុល ជែលសំអាតដៃ រក្សាគម្លាតសុវត្ថិភាពជាដើម។ ចំពោះសភាពការណ៍ទូទៅ តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត បានប្រព្រឹត្តទៅជាធម្មតា ដោយពុំមានបាតុភាពអ្វីកើតឡើង គួរឱ្យកត់សំគាល់ឡើយ។

បើកតាមលោកប្រធានមន្ទីរ បានបញ្ជាក់ថា ភ្ញៀវទេសចរដែលមានការកើតឡើងនេះ គឺដោយសារក្រោមការដឹកនាំរបស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោកបានចាប់ខ្ពស់ក្នុងការជម្រុញការផ្សព្វផ្សាយ តាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ពិសេសទូរទស្សន៍ព័ត៌មាន Fresh News ជុំវិញគោលដៅ និងទីតាំងទេសចរណ៍សំខាន់ៗ ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិបានដឹង បានស្គាល់ និងចូលមកទស្សនាកម្សាន្ត ក្នុងទឹកដីខេត្តដ៏សម្បូរបែបមួយនេះ៕

Ti Amo (ពស)

អត្ថបទទាក់ទង