(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីព្រះសង្ឃ និងសប្បុរសជននានា ដែលបានឧបត្ថម្ភគាំទ្រជាថវិកា ក៏ដូចជាបច្ច័យ សម្រាប់ចូលរួមចំណែកកសាងអគារសង្គ្រោះបន្ទាន់ មួយខ្នង បីជាន់ មាន៣៦បន្ទប់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទុកសម្រាប់បម្រើគុណប្រយោជន៍ប្រជាពលរដ្ឋទូទៅក្នុងខេត្ត។
ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវេទិកាក្នុងសាលាខេត្ត ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះតេជគុណ នៅ សុគន្ធថៃ (លោកតាហ៊ួ) ព្រះគ្រូចៅអធិការវត្តហ្សាបិតិ ហៅវត្តព្រែកស្តី, លោក ខូយ រីដា លោក អ៊ឹង គឹមលាង និងលោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត និងសប្បុរសជនគ្រប់មជ្ឈដ្ឋានជាច្រើននាក់ទៀត។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានគោរពថ្វាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជគុណ នៅ សុគន្ធថៃ (លោកតាហ៊ួ) និងសប្បុរសជននានា ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា និងបច្ច័យ សម្រាប់បម្រើឱ្យការងារសាងសង់អគារសង្គ្រោះបន្ទាន់ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នាឱកាសនេះ។ ឯកឧត្តមក៏បានធ្វើការកោតសរសើរ ពីការខិតខំយកចិត្តទុកដាក់ អស់ពីកម្លាំងការចិត្តរបស់លោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត ក្នុងការគៀងគររកសប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ដើម្បីសាងសង់អគារសង្គ្រោះបន្ទាន់ ប្រកបទៅដោយស្មារតី មនសិការនៃការអភិវឌ្ឍន៍លើវិស័យសុខាភិបាល ក៏ដូចជាបម្រើឱ្យគុណប្រយោជន៍ ក្នុងការសម្រាកព្យាបាលរបស់អ្នកជំងឺ ដែលត្រូវការអគារនេះជាចាំបាច់។
សូមបញ្ជាក់ថា គម្រោងសាងសង់អគារសង្គ្រោះបន្ទាន់ខាងលើ ជាគំនិតផ្តួចផ្តើមរបស់លោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត ដែលបានឈរឈ្មោះគៀងគររកសប្បុរសជនគ្រប់មជ្ឈដ្ឋាន សាងសង់អគារមួយខ្នងនេះឡើង ដែលមានទំហំ ៣១.៧៤x១៥.៨២ម៉ែត្រ កម្ពស់បីជាន់ មាន៣៦បន្ទប់ បំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ រួមមាន៖
-ជាន់ផ្ទាល់ដី គឺជាជាន់បម្រើសេវាកម្មទូទៅ ដែលក្នុងនោះមានបន្ទប់សម្រាប់គ្រូពេទ្យសម្រាក, បន្ទប់ប្រជុំ, កន្លែងសម្រាប់សួរព័ត៌មាន, កន្លែងរងចាំ, បន្ទប់ដាក់សម្ភារៈពេទ្យ, បន្ទប់យាមប្រចាំការ, សាលសង្គ្រោះបន្ទាន់, បន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់, បន្ទប់ទំនេរ, ជណ្តើរជើង និងជណ្តើរយន្ត។
-ជាន់ទី១ គឺជាជាន់សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលក្នុងនោះមានការបែងចែក ចេញជាបន្ទប់VIP និងបន្ទប់ធម្មតាគ្រែ៣។
-ជាន់ទី២ គឺជាជាន់សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលក្នុងនោះមានការបែងចែក ចេញជាបន្ទប់VIP និងបន្ទប់ធម្មតាគ្រែ៣។
-ជាន់ទី៣ គឺជាជាន់សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលក្នុងនោះមានការបែងចែក ចេញជាបន្ទប់VIP និងបន្ទប់ធម្មតាគ្រែ៣៕
Ti Amo (ពស)