រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ចុងសប្ដាហ៍ទី២ នៃខែកុម្ភៈ នៅទូទាំងខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវជាង២ម៉ឺននាក់, ខេត្តពោធិ៍សាត់ ជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស

  • 567
  • ដោយ Admin

(ពោធិ៍សាត់) ចុងសប្តាហ៍ទី២ នៃខែកុម្ភៈ ពោលគឺចាប់ពីថ្ងៃទី០៧-១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរសរុបមានចំនួន២៤,៨៤៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៤,៨៤១នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងមានចំនួន៤នាក់។

ប្រភពពីមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី០៧-១៣ ខែកុម្ភ: ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប២៤,៨៤៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២៤,៨៤១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន០៤នាក់។

ប្រភពបានបន្តថា បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ៥០,៤៥% (ទេសចរសប្តាហ៍មុន មានចំនួន ៥០,១៥០នាក់) និងទេសចរបរទេស(ស្ថេរ) ៤នាក់ដដែល។ សម្រាប់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង មានភ្ញៀវទេសចរមកលេងកម្សាន្តសរុប៤,៩៥០នាក់ ក្នុងនោះស្រី២,៤៥២នាក់)។ បើប្រៀបធៀបនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្មើនឹង៦៤,២៨% ។  

ប្រភពដដែលបានបន្តទៀតថា ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ១១កន្លែង) និងមានភ្ញៀវស្នាក់នៅសរុប៥១៤នាក់ ស្រី១៧៨នាក់ បើប្រៀបធៀបនឹងថ្ងៃទី១២ ស្មើនឹង២០,៩៤%។ ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ផ្អាកមិនដំណើរការ ០៤កន្លែង) និងមានភ្ញៀវសរុប៨៥៥នាក់ ស្រី៣៦៤នាក់ បើប្រៀបធៀបនឹងថ្ងៃទី១២ ស្មើនឹង៧,១៤%។                                                                                                                                          

ជាមួយការកម្រើក នៃការកើនឡើង អ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ក្រសួងទេសចរណ៍ ក៏បានរួសរាន់ចេញសេចក្តីណែនាំឱ្យមន្ទីរទេសចរណ៍រាជធានីខេត្ត និងមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ «៣កុំ ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ SOP ក្នុងការគ្រប់គ្រងចរន្តភ្ញៀវនៅតាមគោលដៅ និងមូលដ្ឋានអាជីវកម្មនានា ពិសេសនៅតាមមណ្ឌលកម្សាន្តទេសចរណ៍ (KTV) ព្រមជាមួយការជម្រុញ ការចាក់វ៉ាក់សាំងដូសជំរុញឱ្យដល់គ្រប់បុគ្គលិកបម្រើការទាំងអស់ផងដែរ។

សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន នៅទូទាំងប្រទេស រួមមាន៖
* ខេត្តព្រះសីហនុ ៦១,១៨៧នាក់
* រាជធានីភ្នំពេញ ២៩,៧៧១នាក់
* ខេត្តពោធិ៍សាត់ ២៤,៨៤៥នាក់
* ខេត្តបាត់ដំបង ១៨,៥៩៩នាក់
* ខេត្តសៀមរាប ១៥,៣៧១នាក់
* ខេត្តកំពត ១១,៥៨៣នាក់៕

Ti Amo (ពស)

អត្ថបទទាក់ទង