រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ចុងសប្ដាហ៍ទី៣ នៃខែកុម្ភៈ ខេត្តពោធិ៍សាត់នៅតែបន្តទទួលចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តជាង២ម៉ឺននាក់

  • 639
  • ដោយ Admin

(ពោធិ៍សាត់)៖ ចុងសប្តាហ៍ទី៣ នៃខែកុម្ភៈ ពោលគឺចាប់ពីថ្ងៃទី១៤-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរសរុប មានចំនួន២៤,៧៤១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៤,៧៣៩នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងមានចំនួន២នាក់។

ប្រភពពីមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១៤-២០ ខែកុម្ភ: ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប២៤,៧៤១នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២៤,៧៣៩នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន០២នាក់។

ប្រភពបានបន្តថា បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ០,៤១% (ទេសចរសប្តាហ៍មុន មានចំនួន ២៤,៨៤៥នាក់)។ សម្រាប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង មានភ្ញៀវទេសចរមកលេងកម្សាន្តសរុប៤,៤៦១នាក់ ក្នុងនោះស្រី២,៣៤០នាក់)។ បើប្រៀបធៀបនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្មើនឹង៥,៣១%។  

ប្រភពដដែលបានបន្តទៀតថា ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ១១កន្លែង) និងមានភ្ញៀវស្នាក់នៅសរុប៤៨៦នាក់ ស្រី១៧៨នាក់ បើប្រៀបធៀបនឹងថ្ងៃទី១៩ ស្មើនឹង៥,៦៥%។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ផ្អាកមិនដំណើរការ ០៤កន្លែង) និងមានភ្ញៀវសរុប៨៨០នាក់ ស្រី៣៦៨នាក់ បើប្រៀបធៀបនឹងថ្ងៃទី១៩ ស្មើនឹង១,៦១%។

ជាមួយការបន្តកំរើកឡើងនៃការឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ តាមការសង្កេតជាក់ស្តែង ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ មិនសូវមានចំនួនច្រើន ដូចសប្តាហ៍កន្លងមកទេ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្ត និងភ្ញៀវឆ្លងខេត្តជិតៗគ្នាតែប៉ុណ្ណោះ។

ចាប់តាំងពីសប្តាហ៍មុន និងបន្តដល់ចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ឱ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និងSOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រងចរន្តភ្ញៀវទេសចរ កុំឱ្យមានកកកុញ ឬប្រមូលផ្តុំច្រើន ពេលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។

សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន នៅទូទាំងប្រទេស រួមមាន៖

* ខេត្តព្រះសីហនុ ៤៥,២១៦នាក់

* រាជធានីភ្នំពេញ ២៤,៨០៤នាក់

* ខេត្តពោធិ៍សាត់ ២៤,៧៤១នាក់ 

* ខេត្តបាត់ដំបង ២២,៨៤២នាក់ 

* ខេត្តសៀមរាប ១៦,៥៦៧នាក់ 

* ខេត្តកំពត ១៤,៧៤៦នាក់៕

Ti Amo (ពស)

អត្ថបទទាក់ទង