(ពោធិ៍សាត់)៖ នារសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំ Video Conference ជាន់ទី២ខេត្ត ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលសម្តែងការគួរសម ជាមួយឯកឧត្តម ង្វៀង ថាញ់វ៉ាន់ ដែលទើបផ្លាស់មកទទួលមុខតំណែងថ្មី ជាអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋបាលខេត្ត និងស្ថានអគ្គកុងស៊ុល។
ឯកឧត្តម ង្វៀង ថាញ់វ៉ាន់ ដែលទើបផ្លាស់មកទទួលមុខតំណែងថ្មី ជាអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង បានថ្លែងនូវការសប្បាយចិត្តជាពន់ពេក ដែលកន្លងមករដ្ឋបាលខេត្តពោធិ៍សាត់ និងស្ថានអគ្គកុងស៊ុល ប្រចាំនៅខេត្តបាត់ដំបង បានមានទំនាក់ទំនងល្អ ហើយកិច្ចទំនងល្អនេះ ពិតណាស់គឺមានតួនាទីសំខាន់ ក្នុងការជម្រុញទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសង្ឃឹមថា ក្នុងអំឡុងពេល៣ឆ្នាំ សម្រាប់តួនាទីថ្មីនេះ ឯកឧត្តមនឹងខិតខំឱ្យទំនាក់ទំនងល្អនេះ នៅបន្តជារៀងរហូត។
ឯកឧត្តម ជាវ តាយ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន គណៈប្រតិភូអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង, ឯកឧត្តមក៏បានជម្រាបជូនផងដែរ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក ជាមួយខេត្តពោធិ៍សាត់ ដែលក្នុងនោះមានខេត្តចំនួន០២ របស់វៀតណាម គឺខេត្តទៀងយ៉ាង ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយសមាគមន៍អតីតយុទ្ធជនខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយគណៈកម្មការរុករកអដ្ឋិធាតុយោធាខេត្ត។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថានអគ្គកុងស៊ុល ដែលកន្លងមកតែងតែសម្តែងការគួរសម នៅពេលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំអគ្គកុងស៊ុល ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត អគ្គកុងស៊ុលប្រចាំខេត្តបាត់ដំបង តែងតែមកជូនពរថ្នាក់ដឹកនាំ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែរ និងពិធីបុណ្យឯករាជជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ឆ្នាំផងដែរ។ ជាមួយគ្នានោះ ស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង តែងតែអញ្ញើញថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទៅចូលរួមក្នុងពិធីបុណ្យប្រពៃណីយជាតិ និងខួបឯករាជ្យជាតិ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅខេត្តបាត់ដំបង ជារៀងរាល់ឆ្នាំផងដែរ។
ឯកឧត្តមក៏សូមជូនពរ ដល់ឯកឧត្តមអគ្គកុងស៊ុលថ្មី ព្រមទាំងគណៈប្រតិភូ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ និងសូមឱ្យជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕
Ti Amo (ពស)