រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រមណីយដ្ឋាន ធម្មជាតិ និងប្រវត្តិសាស្ត្រ «ភ្នំនាគស» បាននឹងកំពុងលេចវត្តមាន ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ សង្ឃឹមអាចទាក់ទាញភ្ញៀវទេសចរបានច្រើន (Video inside)

  • 740
  • ដោយ Admin

(ពោធិ៍សាត់)៖ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងផ្ដល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលមានពេលឈប់​សម្រាក រយៈពេលខ្លី រកកន្លែងដើរលេងលំហែកាយនោះ, ឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា ប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង បានចំណាយទុនខ្ទង់លានដុល្លារ ដើម្បីបង្កើតរមណីយដ្ឋាន ធម្មជាតិ និងប្រវត្តិសាស្ត្រ «ភ្នំនាគស»នេះឡើង ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ដែលមានចម្ងាយប្រមាណ៦២គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និង១៤៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាប់នឹងព្រំប្រទល់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង បានឱ្យដឹងថា រមណីយដ្ឋានភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់ គឺជារមណីយដ្ឋានមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលមានទេសភាពស្រស់ត្រកាល គួរជាទីគយគន់។ ឯកឧត្តមបានបន្តថា រមណីយដ្ឋានភ្នំនាគស ក៏ជារមណីយដ្ឋាន ធម្មជាតិ និងប្រវត្តិសាស្ត្រមួយ ដែលបានផ្ដួចផ្ដើមកសាងឡើងដោយរូបឯកឧត្តមផ្ទាល់ ក្រោមការជួយជ្រោមជ្រែងពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង ពិសេសមានការគាំទ្រយ៉ាងពេញទំហ៊ឹង ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយហេតុថា ការបង្កើតរមណីយដ្ឋាននេះឡើង គឺបានជួយការពារព្រៃឈើ ធម្មជាតិ និងសត្វព្រៃឱ្យនៅគង់វង្ស ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន។

ឯកឧត្តម អេង​ គន្ធា ស្ថាបនិករមណីយដ្ឋានភ្នំនាគស បានបន្ថែមថា ក្នុងរយៈពេលជិត០២ឆ្នាំនេះ ឯកឧត្តមបានបង្កើតរមណីយដ្ឋាននេះឡើង ក្នុងន័យផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍បែបធម្មជាតិ ដោយមិនគិតថ្លៃ និងដើម្បីឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានសិក្សាស្វែងយល់អំពីវប្បធម៌ប្រវត្តិសាស្ត្រ ដែលមាននៅទីតាំងនេះ។

ឯកឧត្តមបានបន្ថែមទៀតថា សមិទ្ធផលដែលមានក្នុងរមណីយដ្ឋាននេះរួមមាន ចម្លាក់ព្រះពុទ្ធរូប រូបអ្នកមានបារមី ចាស់ព្រឹទ្ធាចារ្យ ការរៀបចំឱ្យមានសួនផ្កាគ្រប់ពណ៌ចម្រុះ រូបសំណាកសត្វ ផ្លូវបេតុង កន្លែងអង្គុយលេងកំសាន្ត កន្លែងបាញ់ទឹក រូបព្រះអង្គតូច ព្រះអង្គធំ ទីលានយន្ដហោះ និងផ្ទាំងថ្មតូចធំ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លំអរដោយភ្លើងអគ្គីសនី ភ្លើងសូឡាព្រោងព្រាត ប្រៀបបានទៅនឹងទីក្រុងតូចមួយ ផុសនៅចំកណ្ដាលទ្រូងព្រៃ។

ឯកឧត្តម អេង គន្ធា មានប្រសាសន៍ថា  អ្វីៗដែលកើតមានសព្វថ្ងៃនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្ដិភាពឱ្យនៅគង់វង្សជារៀងរហូត។ ឯកឧត្តមនឹងខិតខំកសាងរមណីយដ្ឋានភ្នំនាគសនេះ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបានជាកន្លែងលេងកំសាន្តដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរណ៍ មកពីទីជិតឆ្ងាយ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ៕ 

Ti Amo (ពស)

អត្ថបទទាក់ទង