រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម កែវ រតនៈ សម្ពោធឆ្លងសមិទ្ធផលមរតកវប្បធម៌ នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រធម្មជាតិ «ភ្នំនាគស» ដែលមានតម្លៃជាង១លានដុល្លារ(Photos inside)

  • 340
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលមរតកវប្បធម៌ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិ «ភ្នំនាគស» ដែលមានតម្លៃជាង១លានដុល្លារសហរដ្ឋអាមេរិក ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

កម្មវិធីនេះប្រារព្ធធ្វើរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៧-០៩ នាពេលព្រឹក មានរៀបចំពិធីសែនឧទ្ទិសថ្វាយ ជីវចលសាសនា ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា, នាពេលរាត្រី មានបាញ់កាំជ្រួច និងបង្ហោះគោមនា។ ដោយឡែកនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ មានពិធីកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលមរតកវប្បធម៌ និងមានរាប់បាត្រ ប្រគេនព្រះសង្ឃ ចំនួន២៥២អង្គ ដែលនិមន្តមកពីបណ្តាវត្ត ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង និងឃុំអន្សាចំបក់ ស្រុកក្រគរផងដែរ។

បើតាមឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា ប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង និងជាស្ថាបនិកទីតាំងនេះផ្ទាល់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា៖ រមណីយដ្ឋានភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់ គឺជារមណីយដ្ឋានមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលមានទេសភាពស្រស់ត្រកាល គួរជាទីគយគន់។ ឯកឧត្តមបានបន្តថា រមណីយដ្ឋានភ្នំនាគស ក៏ជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិមួយ ដែលបានផ្ដួចផ្ដើមកសាងឡើងដោយរូបលោកផ្ទាល់ ក្រោមការជួយជ្រោមជ្រែងពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្ដៀង ពិសេសមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយហេតុថា ការបង្កើតរមណីយដ្ឋាននេះឡើង គឺបានជួយការពារព្រៃឈើ ធម្មជាតិ និងសត្វព្រៃឱ្យនៅគង់វង្ស ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន។

ឯកឧត្តម អេង គន្ធា បានបន្ថែមថា ក្នុងរយៈពេលជាង០២ឆ្នាំមកនេះ ឯកឧត្តមបានចំណាយទុន ប្រមាណជាង១លានដុល្លារ ដែលបានមកតាមរយៈការគៀងគរពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រួមទាំងថវិកាបដិភាគរបស់លោកផ្ទាល់ ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ក្នុងន័យទាក់ទាញភ្ញៀវទេសចរ និងផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍បែបធម្មជាតិ ដោយមិនគិតថ្លៃ ឱ្យប្រជាពលរដ្ឋបានសិក្សាស្វែងយល់អំពីវប្បធម៌ប្រវត្តិសាស្ត្រ ដែលមាននៅទីតាំងនេះ។

ឯកឧត្តម អេង​ គន្ធា បានគូសបញ្ជាក់ថា សមិទ្ធផលដែលមានក្នុងរមណីយដ្ឋាននេះរួមមាន ចម្លាក់ព្រះពុទ្ធរូប រូបអ្នកមានបារមី ចាស់ព្រឹទ្ធាចារ្យ ការរៀបចំឱ្យមានសួនផ្កាគ្រប់ពណ៌ចម្រុះ រូបសំណាកលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រូបសំណាកព្រះនាងរំសាយសក់ រូបសំណាកសត្វ ផ្លូវបេតុង កន្លែងអង្គុយលេងកំសាន្ត កន្លែងបាញ់ទឹក រូបព្រះអង្គតូច ព្រះអង្គធំ បាតដៃព្រះ ទីលានយន្ដហោះ និងផ្ទាំងថ្មតូចធំ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លំអរដោយភ្លើងអគ្គីសនី ភ្លើងសូឡាព្រោងព្រាត ប្រៀបបានទៅនឹងទីក្រុងតូចមួយ ផុសនៅចំកណ្ដាលទ្រូងព្រៃ។ ហើយអ្វីៗដែលកើតមានសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះហើយយើងត្រូវរួមគ្នាថែរក្សាសន្ដិភាព ឱ្យនៅគង់វង្សជារៀងរហូត។

ឯកឧត្តមសូមអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២នាពេលខាងមុខនេះ៕

Ti Amo (ពស)

អត្ថបទទាក់ទង