(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។
កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៥សំខាន់ៗ រួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៤-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៥-បញ្ហាផ្សេងៗ។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងការកោតសរសើរ ដល់មន្ទីរអង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធ ដែលបានរួមចំណែកយ៉ាងសកម្ម ដើម្បីធ្វើឱ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍មិនបណ្ដោយឱ្យប្រទេសជាតិ ធ្លាក់ទៅរកអសន្តិសុខនោះទេ គឺត្រូវតែការពារឱ្យបានដាច់ខាត សុខសន្តិភាព។ ជាមួយគ្នានេះឯកឧត្តមបានលើកឡើង អំពីភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ជាភូមិមួយថ្មីដែលត្រូវធ្វើការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដែលជាអតីតយុទ្ធជន ចំនួន៦២៨ខ្នងផ្ទះ ហើយត្រូវរៀបចំឱ្យមានកន្លែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅតំបន់នោះជាចាំបាច់ ព្រោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន បានយកចិត្តទុកដាក់ខ្លាំងបំផុត។
ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងនូវការកោតសរសើរ ចំពោះគណៈអភិបាលខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យប្រជាពលរដ្ឋ មានជីវភាពល្អប្រសើរឡើងជាលំដាប់។ ឯកឧត្តមមានប្រសាសន៍ថា ដោយសារជំងឺកូវីដ១៩ យើងខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេលពីរឆ្នាំមកហើយ ទើបតែឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានបើកឱ្យដំណើរការឡើងវិញ ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ។ ក្នុងការប្រារព្ធពិធីសង្ក្រាន នៅលើបុរីវប្បធម៌កោះសំពៅមាស កម្មវិធីសប្បាយផ្សេងៗ ដំណើរកំសាន្តតាមរមណីយដ្ឋាននានា ត្រូវតែពង្រឹងច្បាប់ចរាចរណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ កុំឱ្យមានការលេងគប់ទឹក ប៉ាតម្ស៉ៅ នាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ សមត្ថកិច្ចត្រូវពង្រឹងកម្លាំង កុំឱ្យមានករណីរចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង ក្មេងទំនើងកាប់ចាក់គ្នា ជក់គ្រឿងញៀន និងត្រូវបង្ក្រាបបទល្មើសនេសាទ បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗទៀត ដែលបង្កអសន្តិសុខដល់សង្គម៕
Ti Amo (ពស)