(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការកែសម្រួលបំពេញបន្ថែម សមាសភាពក្រុមជំនួយការ នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្ត និងប្រធានគណ:កម្មាធិការគណបក្ស ក្រុង ស្រុក។
បន្ទាប់ពីការអានសេចក្តីសម្រេច គណ:បញ្ជាការយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដោយឯកឧត្តម ម៉ៅ សាន នោះរួចមក, ឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម ជាវ តាយ បានមានមតិ និងប្រគល់ផែនការ ភារកិច្ច ដល់ក្រុមការងារ ជំនួយការយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ និងផ្សព្វផ្សាយផែនការ របស់គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីការបញ្ចូលបេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ ជាសមាជិកក្រុមប្រឹក្សាភ្លើងទៀន និងគណបក្សដ៏ទៃទៀត ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម ជាវ តាយ បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ដើម្បីជាគន្លឹះ សម្រាប់ប្រៀបឈ្នះទៅលើគណបក្សដទៃ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខ។
សូមបញ្ជាក់ថា យោងសេចក្ដីសម្រេចលេខ ១៦៣/០៥២១ សស.គក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សេចក្ដីសម្រេចលេខ ២៧០៩ សស.គក ស្ដីពីការកែសម្រួលសមាសភាពក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តពោធិ៍សាត់។ សេចក្ដីសម្រេចលេខ៤៣២/២១សស.គបខ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ឯកឧត្តមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់។ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានសម្រេចកែសម្រួលបំពេញសមាសភាព ក្រុមជំនួយការ នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានឯកឧត្តម ម៉ក់ រ៉ា ជាប្រធាន, ឯកឧត្តម ម៉ៅ សាន, ឯកឧត្តម កែម សុធឿន, ឯកឧត្តម ទិត សំអឿន ជាអនុប្រធាន, លោក សាយ សុជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ និងសមាជិក៣៧នាក់ទៀត។
ភារកិច្ចរបស់ក្រុមជំនួយការ គឺទទួលអនុវត្តផែនការ ដែលថ្នាក់កណ្ដាលប្រគល់ជូន, រៀបចំផែនការបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥, សហការជាមួយគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់, ត្រួតពិនិត្យការអនុវត្តផែនការ សកម្មភាពការងាររបស់ថ្នាក់ក្រោម៕
Ti Amo (ពស)