(ពោធិ៍សាត់)៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យ ក្រុមសិក្ខាកាមយុវជនអ្នកសារព័ត៌មានជំនាន់ក្រោយ ចំនួន២៣នាក់ មកពី១៣អង្គភាព ដែលដឹកនាំដោយ លោក ហោ គន្ធា ប្រធានស្ថាបនិក សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ចូលជួបសម្ដែងការគួរសមនិងចែករំលែកបទពិសោធន៍ ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែម ទៅលើវិស័យសារព័ត៌មាន ក្រោមប្រធានបទ «ព័ត៌មានពិតជុំវិញបឹងទន្លេសាប»។ សូមបញ្ជាក់ផងដែរថា អ្នកសារព័ត៌មានទាំង២៣នាក់ខាងលើ ជាសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្ដាលកន្លងមកថ្មីៗ កាលពីខែមីនា ឆ្នាំ២០២២នេះ។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា រដ្ឋបាលខេត្តពោធិ៍សាត់សូមស្វាគមន៍ ចំពោះសិក្ខាកាមទាំងអស់ ដែលបានចុះធ្វើកម្មសិក្សា នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដែលមានរយៈពេល ២ថ្ងៃ និងសូមគាំទ្រគ្រប់អ្នកសារព័ត៌មានទាំងឡាយណា ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ប្រដោយវិជ្ជាជីវៈ និងក្រមសីលធម៌។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការចង្អុលបង្ហាញ និងចែករំលែកព័ត៌មាន និងបទពិសោធន៍ល្អៗ ជុំវិញខេត្តពោធិ៍សាត់ ដែលបានជួបប្រទះកន្លងមក ព្រមទាំងលើកទឹកចិត្ត ឱ្យអ្នកសារព័ត៌មាន ដែលជាសិក្ខាកាម ត្រូវខិតខំប្រឹងប្រែង សិក្សាស្វែងយល់បន្ថែម លើជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីទុកជាដើមទុន ក្នុងអាជីពជាអ្នកសារព័ត៌មាន នាថ្ងៃអនាគត។
ឯកឧត្តមបានបន្ដទៅទៀតថា អ្នកសារព័ត៌មាន គឺជាផ្នែកមួយក្នុងការជួយបំពេញនូវចំណុយខ្វះខាត់ ជូនរដ្ឋបាលមូលដ្ឋាន ដែលមានភាពចន្លោះប្រហោង លើការគ្រប់គ្រង។ អ្នកសារព័ត៌មាន អាចផ្ដល់ជាដំណឹង ឬព័ត៌មានបន្ថែម ដើម្បីឱ្យរដ្ឋបាលមូលដ្ឋាន បានបំពេញនូវចន្លោះទាំងអស់នោះ។
ក្រោយពីទទួលបានអនុសាសន៍ល្អៗ លោក ហោ គន្ធា តំណាងសិក្ខាកាម ទាំង២៣នាក់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលផ្ដល់កិត្តិយស និងចំណាយពេលវេលាដ៏តម្លៃ ឱ្យសិក្ខាកាម នៃសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានជួបសម្ដែងការគួរសម និងទទួលបាននូវចំណេះដឹង ជំនាញ វិជ្ជាជីវៈបន្ថែម ប្រកបដោយសេចក្តីសោមនស្សរីករាយ និងភាពស្និទ្ធស្នាលជាទីបំផុត៕
Ti Amo (ពស)