រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់រដ្ឋបាលក្រុងស្រុកទូទាំងខេត្ត ត្រូវបង្កើតក្រុមព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយ គាំទ្រសកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍ និងសក្តានុពលដែលមាននៅក្នុងខេត្ត

  • 242
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានស្នើដល់រដ្ឋបាលក្រុងស្រុកទាំងអស់ទូទាំងខេត្ត ត្រូវបង្កើតឱ្យមានក្រុមព័ត៌មាន និងរៀបចំសេចក្តីសម្រេចផ្ញើមករដ្ឋបាលខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ គាំទ្រអំពីសកម្មភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំ ការអភិវឌ្ឍនៅក្នុងមូលដ្ឋាន និងសក្តានុពលដែលមាននៅក្នុងខេត្ត ឱ្យបានទូលំទូលាយ។

ឯកឧត្តម បានស្នើបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ដោយបានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ទៀតថា មន្ទីរព័ត៌មានដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ក៏ត្រូវខិតខំជម្រុញការផ្សព្វផ្សាយ និងផលិតព័ត៌មាន អំពីសក្តានុពលអភិវឌ្ឍន៍ដែលមាននៅក្នុងខេត្ត កិច្ចការងារទេសចរណ៍ សកម្មភាពថ្នាក់ដឹកនាំខេត្ត និងសកម្មភាពសំខាន់ៗផ្សេងៗទៀត ឱ្យដល់ស្រទាប់មហាជនបានទទួលជ្រាប ពិសេសជម្រុញការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រប់គ្នា តាមទិសដៅចង្អុលបង្ហាញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តម បានថ្លែងទៀតថា សម្រាប់ឆ្នាំថ្មីនេះ អាជ្ញាធរក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច និងទិសដៅការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ដោយតម្លាភាព សុក្រិត យុត្តិធម៌ និងទាន់ពេលវេលា។

ឯកឧត្តម ក៏បានអំពាវនាវ ដល់កម្លាំងគណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់ ត្រូវសហការខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។ ចំពោះរបាយការណ៍ដែលមានចំនួន១០១ទំព័រ ឯកឧត្តមសូមឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រួតពិនិត្យ និងកែសម្រួលបន្ថែម នូវចំណុចដែលខ្វះចន្លោះ ដោយទុករយៈពេល៥ថ្ងៃ ក្នុងករណីដែលពុំមានការឆ្លើយតប បានន័យថាលោក លោកស្រី បានឯកភាពចំពោះរបាយការណ៍នេះហើយ៕

Ti Amo (ពស)

អត្ថបទទាក់ទង