(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៩ យាងចូល៧០ព្រះវស្សា។
ពិធីនេះធ្វើឡើងក្រោមវត្តមាននិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត, ព្រះពោធិវង្សាវិមល កែវ កន ព្រះមេគណខេត្ត, ឯកឧត្តម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីសាលាខេត្តជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលខេត្ត ព្រះសង្ឃ ព្រមទាំងមន្ត្រីរាជការទាំងអស់ បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ សូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ៕
👉Please join channel: 🔗https://t.me/pursatprovincialhall 🙏
Ti Amo (ពស)