រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ស្នើដល់ប្រជាពលរដ្ឋរួមគ្នាជាចង្កឹះមួយបាច់ ដើម្បីយកជ័យជម្នះពីការបោះឆ្នោត ទៅប្តូរនឹងការអភិវឌ្ឍក្នុងមូលដ្ឋាន

  • 269
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្ត នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានស្នើដល់ប្រជាពលរដ្ឋរួមគ្នាជាចង្កឹះមួយបាច់ ដើម្បីយកជ័យជម្នះពីការបោះឆ្នោត ទៅប្តូរនឹងការអភិវឌ្ឍ ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ហើយប្រសិនបើសង្កាត់ណាមួយទទួលបានលទ្ធផល នៃការបោះឆ្នោតខ្ពស់ជាងគេ រដ្ឋបាលខេត្តនឹងទៅអភិវឌ្ឃន៍សង្កាត់នោះមុនគេ ជាបន្តនឹងទៅតាមលេខរៀងដែលមាន។

ឯកឧត្តមបានស្នើបែបនេះ នៅបរិវេណវត្តស្រះស្រង់ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនដល់សមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់ព្រៃញី ប្រមាណជិត៦០០នាក់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត គណ:ទាំង៥ នៃគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ក្រុមការងារចុះជួយសង្កាត់ និងបេក្ខជនពេញសិទ្ធិ ក្រុមប្រឹក្សាសង្កាត់ជាច្រើននាក់ទៀត។

បន្ទាប់ពីលោក សំរិទ្ធ អេង ប្រធានគណបក្សក្រុងពោធិ៍សាត់ បានលើកឡើងអំពីសមិទ្ធផល ដែលគណបក្សខិតខំធ្វើកន្លងមក និងការប្ដេជ្ញាចិត្តរបស់លោកស្រី ដែលជាបេក្ខជនឈរឈ្មោះចៅសង្កាត់ព្រៃញីនោះរួចមក, ឯកឧត្តម ជាវ តាយ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ គិតគូរអំពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានលះបង់អាយុជីវិត ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច បានធ្វើឱ្យសង្គមជាតិទាំងមូលមានរីកចម្រើនលើគ្រប់វិស័យ ហើយថ្មីៗនេះលើឆាកអន្តរជាតិដោយមានការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក សម្ដេចក៏បានអញ្ជើញចូលរួម ក្នុងនាមជាប្រធានអាស៊ាន ដែលជាលទ្ធផលធ្វើឱ្យប្រទេសនៅទូទាំងពិភពលោក ទទួលស្គាល់អ្វីជាជ័យជំនះរបស់អាស៊ាន។ ឯកឧត្តមបានបន្ថែមថា សម្ដេចមានការប្រឹងប្រែងណាស់ មិនគិតពីការនឿយហត់ មិនគិតពីការលំបាកគ្រប់យ៉ាង ដើម្បីបងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិនាពេលអនាគត។

ឯកឧត្តម ជាវ តាយ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់សង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ បើសង្កាត់ណាមួយទទួលបានលទ្ធផល នៃការបោះឆ្នោតខ្ពស់ជាងគេ រដ្ឋបាលខេត្តនឹងទៅអភិវឌ្ឃន៍សង្កាត់នោះមុនគេ ជាបន្តនឹងទៅតាមលេខរៀងដែលមាន។ ត្រង់ចំណុចនេះ ឯកឧត្តមចង់លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ រួមគ្នាជាចង្កឹះមួយបាច់ ដើម្បីយកជ័យជម្នះពីការបោះឆ្នោត ទៅប្តូរនឹងការអភិវឌ្ឍ ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ព្រោះថាយើងបានដាក់គោលដៅហើយ គឺសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាមួយរូប គឺសន្លឹកឆ្នោតមួយសន្លឹក។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ជាវ តាយ ក៏បានចែកជូនវត្ថុកំដរដៃ ដល់សមាជិក សមាជិកា ក្រុមបក្សដែលបានចូលរួមប្រមាណជិត៦០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស និងត្រីខ១យួរផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង