រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ អនុម័តលើសេចក្ដីព្រាងកំណត់ហេតុ និងរបាយការណ៍រីកចម្រើនរបស់ខេត្ត

  • 289
  • ដោយ Admin

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៦សំខាន់ៗ រួមមាន៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត, ៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល១២ខែ, ៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនថ្នាក់ដឹកនាំ និងមន្ត្រីសម្រាប់ខែមករា កុម្ភៈ មីនា ឆ្នាំ២០២២, ៥-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និង៦-បញ្ហាផ្សេងៗ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា៖កិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី៣ អាណត្តិទី៣នាពេលនេះ ពិតជាមានសារ:សំខាន់ណាស់ចំពោះការពិនិត្យ អនុម័តលើសេចក្ដីព្រាងកំណត់ហេតុ និងរបាយការណ៍រីកចម្រើនរបស់ខេត្ត ពិសេសគឺធ្វើឡើង ដើម្បីស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកក្រុមប្រឹក្សាខេត្ត បានចូលរួមកែតម្រូវក្នុងអង្គប្រជុំនេះ ធ្វើយ៉ាងណាកែលម្អឱ្យកាន់តែប្រសើរឡើង ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្តន័យផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសម្តែងនូវការកោតសរសើរ ចំពោះគណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងគាំទ្រគ្រប់សកម្មភាពរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តមបានលើកឡើងនូវសមិទ្ធផលធំៗជាច្រើនដែលរាជរដ្ឋភិបាលផ្ដល់ជូនខេត្តពោធិ៍សាត់ ពិសេសប្រព័ន្ធធារាសាស្ត្រ ផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តទៅដល់ព្រំប្រទល់ថៃ ផ្លូវជាតិលេខ១០ ពីស្រុកសំឡូតខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅដល់ខេត្តកោះកុង, ស្ពានថ្ម និងស្ពានអាកាសឆ្លងស្ទឹងពោធិ៍សាត់ នៅផ្លូវវាងក្រុង ដែលកំពុងសាងសង់សព្វថ្ងៃនេះជាដើម។ ជាមួយគ្នានេះឯកឧត្តម ម៉ក់ រ៉ា ក៏បានលើកឡើង អំពីដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅដោយរលូន ទាំងពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត ហើយលទ្ធផលខេត្តពោធិ៍សាត់របស់យើង ទទួលបានជ័យជំនះលេខ១ទូទាំងប្រទេស៕

Ti Amo (ពស)

អត្ថបទទាក់ទង