រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រសួងបរិស្ថាន គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្សារស្តង់ដារ ចំណតរថយន្ត ម៉ូតូ និងកញ្ចុះមាត់ទឹក នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង

  • 387
  • ដោយ Admin

(ពោធិ៍សាត់)៖ ថ្មីៗនេះក្រុមការងាររបស់ក្រសួងបរិស្ថាន ដែលដឹកនាំដោយ ឯកឧត្តម មាស សុផល បានចុះត្រួតពិនិត្យ និងសិក្សាទីតាំងរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដើម្បីធ្វើការស្តារហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ឱ្យមានលក្ខណៈល្អប្រសើរជាងមុន ជាតំបន់Ecoទេសចរណ៍ ដោយមានផ្សារស្តង់ដារ មានចំណតរថយន្ត ចំណតម៉ូតូ បន្ទប់ទឹក និងមានកញ្ចុះនៅតាមមាត់ទឹក។

ប្រភពពីលោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា៖ គម្រោងនៃការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធនានា នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង គឺជាគំនិតផ្តួចផ្តើម របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោកប្រធានមន្ទីរបន្តថា ថ្មីៗនេះក្រុមការងាររបស់ក្រសួងបរិស្ថាន ក្រោយទទួលបានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី បានចុះត្រួតពិនិត្យ និងសិក្សាទីតាំងនោះជំហានដំបូង ដើម្បីរៀបចំគម្រោងប្លង់មេជាក់លាក់មួយ ធ្វើការប្រជុំពិភាក្សាសម្រេចជាមួយរដ្ឋបាលខេត្តពោធិ៍សាត់នៅពេលក្រោយ។

លោកប្រធានមន្ទីរបន្ថែមថា ក្នុងឱកាសចុះត្រួតពិនិត្យ និងសិក្សាទីតាំងនោះ ប្រជាសហគម៍ទឹកធ្លាក់ច្រកល្អៀង ពិតជាគាំទ្រចំពោះគម្រោងនេះជាខ្លាំង តែទោះជាយ៉ាងនេះក្តី ពួកគាត់ក៏សម្តែងការព្រួយបារម្មណ៍ថា ក្រែងលក្រសួងបរិស្ថានធ្វើការផ្ទេរវិនិយោគ ដល់ក្រុមហ៊ុនដ៏ទៃទៀត ដែលនាំឱ្យពួកគាត់ខាតបង់ផលប្រយោជន៍នៅទីនោះ។

លោក គង់ ពុទ្ធីរ៉ា បានបញ្ជាក់ថា គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅទឹកធ្លាក់ច្រកល្អៀង ក្រសួងធ្វើគឺដើម្បីជួយសម្រួលជីវភាពរបស់សហគមន៍ ធ្វើយ៉ាងណាឱ្យសហគមន៍មានភាពរឹងម៉ាំ ទាំងជីវភាព ទាំងការរស់នៅ ដើម្បីមានភាពជាដៃគូរ ជាមួយមន្ត្រីឧទ្យានុរក្ស មន្ទីរបរិស្ថាន ក៏ដូចជាក្រសួងបរិស្ថាន ក្នុងការការពារព្រៃឈើ និងសត្វព្រៃនៅតំបន់នោះ ឱ្យមានប្រភពរបស់វា។

សូមជម្រាបជូនថា ច្រក «ល្អៀង» ជារមណីយដ្ឋានធម្មជាតិបែបផ្សងព្រេង នៅខេត្តពោធិ៍សាត់! បើភ្ញៀវទេសចរបាន ទៅដល់ទីនោះហើយ ប្រាកដជាមិនចង់វិលត្រឡប់មកវិញ ឬក៏មកវិញ ហើយចង់វិលត្រឡប់ទៅម្តងទៀត។ រមណីយដ្ឋាន «ទឹកធ្លាក់ច្រកល្អៀង» ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយប្រមាណ ១៩៥គីឡូមែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវលេខ៥៣B ពីប្រជុំជនស្រុកក្រគរ មានចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ទើបដល់រមណីយដ្ឋាននេះ។

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលអ្នកស្រុកនិយមហៅតៗគ្នាថា ទឹកធ្លាក់តំបន់យ៉ោក។ តំបន់រមណីយដ្ឋាននេះនៅចន្លោះភ្នំ( ភ្នំព័ទ្ធជុំវិញ) មានព្រៃឈើខ្ពស់ៗ ដុះលំអរ និងមានប្រភេទឈើមានតម្លៃច្រើនប្រភេទដូចជា ខ្លុង ត្បែង ធ្នង់ នាងនួន ស្រឡៅ សុក្រម ព្រះភ្នៅ ខ្លឹមច័ន្ទ ផ្ចឹក រាំងភ្នំ កកោះ ផ្តៀក គគីរ ។ល។ រីឯសត្វព្រៃវិញមានខ្លា ឈ្លួស ប្រើស ស្វា ជ្រូកព្រៃ ទោចជាដើម។

នៅក្នុងរមណីយដ្ឋាន មានកន្លែងកន្សាន្តជាច្រើនកន្លែងដោយធ្វើការបែងចែកជាដំណាក់ៗ សម្រាប់ភ្ញៀវទេសចរទស្សនា កម្សាន្តដូចជា៖ ១-ដំណាក់ តាង៉ុក គយ, ២-ដំណាក់កោះយាយចាំតា, ៣-ដំណាក់ទឹកឈូរ, ៤-ដំណាក់មនោរម្យ, ៥-ដំណាក់ថ្មសណ្តូក, ៦-ទឹកជ្រោះដំណាក់ព្រះ, ៧-ដំណាក់ម្លប់ជ្រៃក្រឹម, ៨-ដំណាក់កោះសុបិន្ត, ៩-ដំណាក់ទឹកធ្លាក់, ១០-ដំណាក់កោះដាច់ និង១១-ដំណាក់កោះភ្ញៀវ។ តំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានលក្ខណៈពិសេស៣ ធ្វើឱ្យអ្នកចូលកម្សាន្ត ចាប់អារម្មណ៍យ៉ាងខ្លាំង គឺទី១-មានទឹកថ្លាត្រជាក់, ទី២-មានទេសភាពស្រស់ស្អាត និងទី៣-មានទឹកជ្រោះធ្លាក់ច្រើនដំណាក់គួជាទីគយគន់៕

Ti Amo (ពស)

អត្ថបទទាក់ទង