រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អបអរសាទរ! គោលដៅទេសចរណ៍អាទិភាព ទាំង៦ ក្នុងខេត្តពោធិ៍សាត់ នឹងត្រូវពង្រឹងគុណភាពសេវាទូរគមនាគមន៍បន្ថែម

  • 342
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលក្រុមការងារប្រតិបត្តិ តំបន់៣ តំបន់៤ តំបន់៥ និងឯកឧត្តម លឹម វុទ្ធី អនុរដ្ឋលេខាធិការ ប្រធានប្រតិបត្តិតំបន់៣ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមានក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន, ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ, អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ ចុះត្រួតពិនិត្យ និងសិក្សាពង្រឹងគុណភាពសេវាទូរគមនាគមន៍ នៅតាមគោលដៅទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ទេសចរណ៍ដាច់ស្រយាល ទាំង៦គោលដៅ ក្នុងខេត្តពោធិ៍សាត់ ដើម្បីសាងសង់ស្ថានីយអត់តែនបន្ថែម ក្នុងការលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងដាច់ស្រយាល។

ការចុះត្រួតពិនិត្យ និងសិក្សាពង្រឹងគុណភាពសេវាទូរគមនាគមន៍ នៅតាមគោលដៅខាងលើនេះ គឺអនុលោមតាមអនុសាស៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសបិទសន្និបាតក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ និងស្របតាមយន្តការ របស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

តាមការគ្រោងទុក គោលដៅទេសចរណ៍អាទិភាព ទាំង៦គោលដៅ ក្នុងខេត្តពោធិ៍សាត់ ក្រុមការងារអន្តរក្រសួង នឹងចាប់អនុវត្តពីថ្ងៃទី០៥ ខែតុលាឆ្នាំ២០២២តទៅ រហូតដល់ចប់បេសកកម្ម រួមមាន៖

ទី១-សហគមន៍ទេសចរណ៍ទឹកធ្លាក់ «ច្រកល្អៀង» នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ

ទី២-សហគមន៍ជម្រកសត្វស្លាប «បឹងព្រះពន្លៃ» នៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ

ទី៣-សហគមន៍អេកូទេសចរណ៍ «រាំងខ្វាវ» នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ

ទី៤-សហគមន៍ទេសចរណ៍ «ភ្នំព្រះ» នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង

ទី៥-រមណីយដ្ឋានទឹកធ្លាក់ «ថ្មដាតូច» នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង

ទី៦-សហគមន៍ទេសចរណ៍ «ភ្នំទំព័រ» នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង។

គួរជម្រាបជូនផងដែរថា គិតមកដល់ពេលនេះ គោលដៅទេសរណ៍អាទិភាព ចំនួន២៨ទីតាំងហើយ ក្នុងខេត្តចំនួន៨ រួមមានខេត្ត «សៀមរាប, កែប, កំពង់ចាម, ត្បូងឃ្មុំ, កំពង់ឆ្នាំង, ពោធិ៍សាត់, ព្រៃវែង និងស្វាយរៀង» ត្រូវបានក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងសិក្សាសេវាទូរគមនាគមន៍ ដើម្បីសាងសង់បង្គោលអង់តែន និងពង្រឹងគុណភាពសេវានៅទីនោះ៕

Ti Amo (ពស)

អត្ថបទទាក់ទង