រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ខូយ រីដា បន្តប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យស្រស់ស្អាតឡើងជាលំដាប់ ក្នុងតំណែងជាអភិបាលខេត្ត រយៈពេលជិតមួយខែ (Video inside)

  • 420
  • ដោយ Admin
https://youtu.be/R3dlWHVMfs8

(ពោធិ៍សាត់)៖ ក្នុងមុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានរយៈពេលជិត១ខែកន្លងមកនេះ ឯកឧត្តម ខូយ រីដា បានបន្តចាប់ផ្តើមកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យភ្លឺចិញ្ចែងចិញ្ចាច និងមានលក្ខណៈស្រស់ត្រកាល ជាងមុនជាលំដាប់ តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជា៖ ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ, ការបំពាក់ភ្លើងចម្រុះព័ណ៌តាមដងផ្លូវសំខាន់ៗ, ការគូសគំនូសចរាចរណ៍ផ្លូវក្នុងក្រុង និងការចាត់ចែងរៀបចំទីសាធារណៈ ឱ្យមានរបៀបរៀបរយល្អត្រឹមត្រូវ…។ល។

ការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងលើនេះដែរ គឺជាការរំលេចនូវសោភ័ណភាព បៃតង នៅតាមដងស្ទឹង និងតាមដងផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ ពិសេសបូរីវប្បធម៌កោះសំពៅមាស ដើម្បីឱ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ក្នុងឱកាសថ្ងៃឈប់សម្រាក ឬពិធីបុណ្យជាតិម្តងម្កាល។

ទាំងនេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចាត់តាំងឱ្យឯកឧត្តម ខូយ រីដា ឱ្យមកបន្តដឹកនាំយន្តការនៅក្នុងខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានបញ្ហាសុខភាព (ទាមទារការសម្រាកព្យាបាលជាចាំបាច់) ដើម្បជាភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងដើម្បីកែប្រែមុខមាត់ខេត្តឱ្យស្រស់ស្អាតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងផ្លូវកៅស៊ូ, ផ្លូវបេតុង, ភ្លើងបំភ្លឺផ្លូវ, ភ្លើងលម្អចម្រុះព័ណ៌, ការសម្អាត និងធ្វើឱ្យប្រសើរឡើងប្រឡាយក្បាលហុង, ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការដោះស្រាយសំណូមពរ ក៏ដូចជាបញ្ហាប្រឈមជូនអាជីវករផ្សារ, ការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារ បូករួមទាំងការគ្រប់គ្រងសម្រាមផងដែរ។

ជាការពិតណាស់ថា ខេត្តពោធិ៍សាត់យើងបច្ចុប្បន្ន បាននឹងកំពុងជាទីចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរជិតឆ្ងាយគ្រប់មជ្ឈដ្ឋាន ហើយក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៤៤កន្លែងក្នុងខេត្ត តំបន់ទេសចរណ៍ដែលជាទី ចាប់អារម្មណ៍ខ្ពស់ និងមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) ឃុំថ្មដា និងឃុំអូរសោម, ក្រៅពីនោះមានស្រុកក្រគរ នៅទឹកធ្លាក់ច្រកល្អៀង ភ្នំនាគស និងស្រុកតាលោសែនជ័យ នៅសួនកម្សាន្តតាលោសែនជ័យ។ នេះដោយសារតែទឹកដីនៃស្រុកវាលវែង បានលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ក្រោមម្លប់ «សន្តិភាព» ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាចធ្វើដំណើរបានស្រួល ទៅកាន់រមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ដែលជាប់នឹងព្រំដែនខេត្តត្រាត ប្រទេសថៃ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏នៅតែបន្តធ្វើការផ្សព្វផ្សាយយ៉ាងសកម្ម ចំពោះសក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត និងខិតខំឱ្យអស់ពីលទ្ធភាព ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់ សំដៅធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរណ៍ បានដឹង និងបានស្គាល់ ចៀសវាងការធ្វើដំណើរទៅផុត មកផុត ដែលនាំឱ្យបាត់បង់ចំណូលសេដ្ឋកិច្ចខេត្ត ក៏ដូចជាប្រជាពលរដ្ឋរបស់យើង៕

Ti Amo (ពស)

អត្ថបទទាក់ទង